2023-06-13 07:06
276


ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនឹងបង្គោលភ្លើងបែកខួរស្លាប់យ៉ាងអាណោធអាធ័មខណៈដែលចេញពីផឹកស្រាក្រឡុកហើយជិះម៉ូតូលឿនគេចគ្នារេទៅបុកបង្គោលដាក់ប្រអប់ភ្លើងយ៉ាងពេញទំហឹង។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
     សពមានឈ្មោះ យុិត ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិ ចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើរួមទាំងមិត្តភក្កិ២នាក់ទៀតបានអង្គុយនៅក្នុងហាងផឹកសុីស្រាក្រឡុកមួយកន្លែង។ពេលផឹកសុីរួចគេឃើញបុរសរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ចំណែកឯជនរងគ្រោះបានជិះម៉ូតូទៅមុនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក្បែរផ្សារដីថ្មី ស្រាប់តែជិះគេចពីម៉ូតូមួយគ្រឿងមិនចាំម៉ាកក៏បានរេចង្កូតជ្រុលទៅបុកនឹងបង្គោលដាក់ប្រអប់ភ្លើងយ៉ាងពេញទំហឹងបោកក្បាលផ្ទប់នឹងបង្គោលភ្លើងបណ្តាលឱ្យបែកខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម  ចំណែកមិត្តភក្កិដែលរួមដំណើរជាមួយគ្នាពីរនាក់ទៀតបានជិះម៉ូតូមួយគ្រឿងបន្តទៅមុខចោលបុរសរងគ្រោះបាត់ស្រមោលទៅ ភ្លាមនោះដែរប្រជាពលរដ្ឋរសនៅជិតកន្លែងកើតហេតុបានរាយការណ៍ទៅសមត្ថកិច្មូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

   ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ក៏បានចុះមកដល់រួចពិនិត្យនិងទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យក្រុមគ្រួសារមកទទួលយក។ បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅរថយន្តសមួយគ្រឿងដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំទាក់ទងទៅក្រុមគ្រួសារសាច់ញាតិតាមក្រោយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕