2024-01-12 03:01
88

ខេត្តបន្ទាយមានជ័យ៖  នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ  ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ៕

សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបេីកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងលក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តកាលវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ គង់ រ៉ាវ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២-ឈ្មោះ លី រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ ឈាង សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ឆេង មុនីរ៉ាហ្វូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ធារ លឹមងួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៣-ឈ្មោះ ហៀង វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ មានសង្ស័យ០១ក្រុមបានធ្វើសកម្មភាព ជិះម៉ូតូដេញវ៉ៃ ទៅលើជនរងគ្រោះឈ្មោះ គង់ រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ដោយជនរងគ្រោះបានជិះម៉ូតូគេចខ្លួន ចូលក្នុងឃ្លាំងរថយន្តHD ហេីយក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដល់ឃ្លាំងលក់រថយន្ត និងបានធ្វេីសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាកCPX ពណ៌ស ផលិត ឆ្នាំ២០២៣ របស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួច នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះឈ្មោះ ឈាង សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ 

ជនសង្ស័យបន្ទាប់ពីឃាត់ខ្លួននិងសួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញវ៉ៃ និងកាប់បំផ្លាញម៉ូតូ ព្រមទាំងឆក់យកកាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។  ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត  ដើម្បីអនុវត្តតាមនីតិវិធី៕