2023-09-25 04:09
154

(រតនគិរី)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ថា ខ្លួនបានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

ករណីនេះ កើតឡើងដោយសារមានករណីដំបូង ដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូន នៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ។

ប្រភពព័ត៌មានដដែលបន្តថា មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់ការព្យាបាលថែទាំវិញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ១៤ថ្ងៃដោយមិនតម្រូវឲ្យមានការព្យាបាល និងមិនមានផលវិបាក រយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុស ត្រូវការរយៈពេល ២ទៅ៣សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។

ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឲ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាល ដល់អ្នកដទៃ។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវសូមបងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់បើឃើញកើតជាច្រើន ក្នុងកន្លែងធ្វើការ សាលារៀន ក្នុងសហគមន៍។ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕