2023-10-02 06:10
241

(កំពត)៖       នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣នេះឱឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតនិងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសហគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពតបានដឹកនាំរៀបចំកម្មវិធីវេចនំប្រពៃណីខ្មែរនៅក្នុងបរិវេណសាលាខេត្តកំពតដើម្បីចូលរួមអបអរសាទរក៏ដូចជាការចូលរួមថែរក្សានូវនំប្រពៃណីខ្មែរដែលមានតាំងដូនតាមកម្ល៉េះសម្រាប់ចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
    រដ្ឋបាលខេត្តកំពតបានរៀបចំកម្មវិធីវេចនំអំសមខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណីខ្មែរ ព្រមទាំងបង្ហាញឱ្យយុវជនជំនាន់ក្រោយយល់ដឹង និងចេះវេចនំប្រពៃណីខ្មែរដែលមានតាំងពីដូនតាមក នៅសាលាខេត្តកំពតមានរៀបចំវេចនំប្រពៃណីខ្មែរ សម្រាប់ចូលរួមអបអរពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ពីធីវេចនំនេះមានការចូលរួមពីចាស់ព្រឹទ្ធាចារ្យ យុវជន យុវតី ប្រមាណ៦០០នាក់។
   នាយករដ្ឋបាលសាលាខេត្តកំពត លោក ឃុត ឧសភា បានឱ្យដឹងថា ពិធីវេចនំខ្មែរធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សនូវនំប្រពៃណីខ្មែរ  ព្រមទាំងបង្ហាត់បង្ហាញយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចេះវេចនំប្រពៃណីខ្មែរ  ហើយពិធីនេះធ្វើឡើងជារៀងរាល់រដូវបុណ្យភ្ជុំ។
    លោកបានបន្តថា ការវេចនំក៏បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ ការចេះជួយចែករំលែកនូវបទពិសោធន៍ផ្សេងៗពីចាស់ព្រឹទ្ធចារ្យទៅដល់យុវជនជំនាន់  ក្រោយ ជំរុញដល់យុវជនជំនាន់ក្រោយ ឲ្យបន្តប្រពៃណីវេចនំនេះទៅមុខទៀតកុំឱ្យបាត់បង់។

   ពិធីវេចនំប្រពៃណីខ្មែរនេះ រដ្ឋបាលខេត្តបានផ្តល់នូវអង្ករដំណើបចំនួន ៥០០គីឡូក្រាម សាច់ជ្រូក ១៥០គីឡូក្រាម សណ្តែកបាយ ១០០គីឡូក្រាម ផ្លែចេក៧០ស្និត អ្នកចូលរួមវេចនំមាន ចាស់ព្រឹទ្ធាចារ្យ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការសាលាខេត្តកំពត សរុបប្រមាណ៦០០នាក់។(សឹង រ៉ាត់)