2024-01-09 02:01
68

ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ឱ្យដឹងអ្នកសារព័ត៌មានដឹងថាៈ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងរយៈពេលមួយសប្ដាហ៍នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង សរុបចំនួន ៥៧ ករណី ដែលបណ្ដាលឲ្យស្លាប់ ចំនួន ២២ នាក់ និងរងរបួស ចំនួន ៧៧ នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃទី០២ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ។   

អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ថាៈ មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាស់ម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែលស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់យើងកាន់តែរីកចម្រើនជាលំដាប់។  

លោក ទូច សុខៈ បានបន្តបន្ថែមទៀតថាៈ ជាទិសដៅអាទិភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

អ្នកនាំពាក្យរងរូបនេះបន្តថា «ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ បណ្ដាលមក ពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ»៕