2024-02-20 12:02
63

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមនិងថ្នាក់ដឹកនាំមកពីតាមមន្ទីរស្ថាប័ននានាជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងពិធីខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាសមិទ្ធិផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកជនយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចារចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា សមិទ្ធិផលដែលយើងទទួលបាននាពេលនេះគឺផ្តើមឡើង ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព គុណតម្លៃនៃសន្តិភាព ជាកាលានុវត្តន៍ភាពដ៏អស្ចារ្យដែលគាំទ្រដល់ដំណើរការអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅលើវិស័យអាទិភាពនានា ប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោមការដឹកនាំ និងការគិតគូរជាយុទ្ធសាស្ត្រដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។