2023-04-09 09:04
360

កំពង់ស្ពឺ៖ យុវជនចិត្តខ្លាំងខឹងឪពុកម្តាយមិនព្រមទិញម៉ូតូថ្មី ដើម្បីជិះដើរលេង និងបង្អួតស្រីមុនពេលចូលឆ្នាំខ្មែរប្រពៃណៃជាតិ បានដុតបំផ្លាញផ្ទះសម្បែងក្លាយជាផេះ។

ករណី កូនតិរិច្ឆានដុតបំផ្លិចបំផ្លាញផ្ទះ ដោយសារខឹងអាណាព្យាបាល មិនទិញម៉ូតូថ្មីឲ្យជិះបង្អួតស្រីពេលចូលឆ្នាំខាងលើ កើតឡើងនៅរសៀល ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលបានឲ្យដឹងថា ផ្ទះជនរងគ្រោះដែលត្រូវកូនដុតបំផ្លាញមានឈ្មោះ ឆឹង លីន ភេទស្រី អាយុ ៤៣ឆ្នាំ មានទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ សង់អំពីបេតុងក្រោម និងឈើលើ ប្រក់ក្បឿង ជញ្ជាំងក្តា ត្រូវឆេះអស់ទាំងស្រុងតែម្តង។ នគរបាលបន្តទៀតថា ជនសង្ស័យជាកូនឈាមរាវមានឈ្មោះ ខឿន សុភីន ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសុំណុំរឿង ចាត់ការតាមនីតិវិធី។

នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ចំពោះមូលហេតុនាំឲ្យជនសង្ស័យជាកូនដុតបំផ្លាញផ្ទះម្តាយចោលនោះ ដោយសារខឹងម្តាយមិនព្រមទិញម៉ូតូថ្មីឲ្យខ្លួនជិះ ដើម្បីជិះបង្អួតឌុបស្រីដើរលេងចូលឆ្នាំ។

ក្នុងកិច្ចអន្តរាគមន៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យថិយបាញ់ទឹកអស់ ០២ឡាន ដោយមានកម្លាំងចំនួន ១៦នាក់ ដោយត្រូវខូចខាតផ្ទះទាំងស្រុង រួមទាំងឆេះស្រូវអង្ករ សំលៀកបំពាក់ ទ្រព្យសម្បត្តិ និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កធ្វើរសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕