2024-03-21 10:03
46

ភ្នំពេញ៖ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំ និងជំរុញឲ្យមានការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមគ្រប់បណ្តារាជធានី ខេត្ត។ 

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីធានា បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើឲ្យលោក លោកស្រីអភិបាលរាជធានី ខេត្ត ចាត់វិធានការរឹតបន្តឹងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត។

 ចំពោះវិធានការរបស់ក្រសួងមហាផ្ទៃពាកព័ន្ធការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមរាជធានី ខេត្តដូចខាងក្រោម៖ 

 ១- ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់។ 

 ២- ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕