2024-02-14 01:02
121

ខេត្តប៉ៃលិន ៖ ប៉ៃលិនគឺជាខេត្តមួយស្ថិតនៅជាយដែនប្រទេសកម្ពុជាជាប់ព្រំប្រទល់ប្រទេសថៃ និងជាតំបន់សមរភូមិប្រយុទ្ធចុងក្រោយផងដែរ បច្ចុប្បន្នដោយសារប្រទេសជាតិទទួលបាននូវសុខសន្តិភាព ពេញលេញបរិបូរ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ឃើញថាខេត្តប៉ៃលិនមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ។
ទន្ទឹមនិងការរីកចម្រើននេះដែរខេត្តប៉ៃលិន សម្បូរទៅដោយធនធានធម្មជាតិ និងតំបន់រមណីយដ្ឋានបែបធម្មជាតិ និងកែឆ្នៃជាច្រើនកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិសម្រុកចូលមកលេងកម្សាន្តក្នុងខេត្តត្បូងពេជ្រមួយនេះយ៉ាងច្រើនផងដែរ ។

ជាមួយគ្នានោះគេបានកត់សម្គាល់ឃើញថារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ នាពេលបច្ចុប្បន្ននេះបាននិងកំពុងទទួលបាននូវការចាប់អារម្មណ៍និងកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថាមានទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត គួរជាទីគយគន់ ជាពិសេសមានទឹកធ្លាក់ច្រើនជាន់  ដែលអាចធ្វើឲ្យពួកគាត់អាចចុះទៅងូតលេងយ៉ាង សប្បាយរីករាយផងដែរ ។

បើតាមភ្ញៀវទេសចរ ដែលបានចូលមកលេងកម្សាន្តនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវនៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅថ្មីៗនេះបានលើកឡើងដូចៗគ្នាថានៅពេលដែលពួកគាត់មកដល់ទីនេះភ្លាមឃើញថារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវពិតជាស្រស់ស្អាត មានទឹកជ្រោះហូរធ្លាក់ពីលើជាំច្រើនជាន់យ៉ាងថ្លាឈ្វេង អាចឲ្យពួកគាត់ងួតលេងយ៉ាងត្រជាក់ចិត្ត ក្រោយញាំអាហារថ្ងៃត្រង់រួច ។

ទន្ទឹមនិងនោះដែរភ្ញៀវទេសចរជាច្រើនទៀតក៏បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលពួកគាត់បានចូលមកលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវនេះ និងបានលើកឡើងដែរថានៅពេលក្រោយទៀត ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ពួកគាត់នឹងបបួលបងប្អូនមិត្តភក្តិ ឱ្យ មកលេងខេត្តប៉ៃលិនម្តង ពីព្រោះថាមានតំបន់រមណីយដ្ឋានជាច្រើនកន្លែង អមដោយទេសភាពយ៉ាងស្រស់ស្អាតគួរជាទីគយគន់ ជាពិសេសរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវនេះ មិនត្រឹមតែយើងអាចអង្គុយញាំអាហារជួបជុំក្រុមគ្រួសារគយគន់ទេសភាពប៉ុណ្ណោះទេគឺយើងអាចចុះងួតទឹកជ្រោះដែលហូរធ្លាក់ពីលើភ្នំយ៉ាងត្រជាត់ថែមទៀតផង។

បើតាម លោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថានៅក្នុងឪកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម កន្លងទៅនេះភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅខេត្តប៉ៃលិនមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលភ្ញៀវភាគច្រើនគឺនាំគ្នាទៅលេងនៅតាមតំបន់រមណីយដ្ឋានមួយចំនួនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានទឹកធ្លាក់អូរអែម រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានគល់ស្ពានតារៀប និងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវជាដើម៕