2023-12-19 04:12
107

ភ្នំពេញ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដែលបង្កឡើងដោយរថយន្តស៊េរីទំនើប ម៉ាក Jeep មួយគ្រឿង បើកប្រដេញគ្នាជ្រុលបុកជនរងគ្រោះស្លាប់ កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញគោលការណ៍ណែនាំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងស្រាវជ្រាវ និងធ្វើដំការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម នៅរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោក ជិន ម៉ាលីន បានសរសេរសារយ៉ាងដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤»។ លោកបន្ថែមទៀតថា «ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន»។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនោះ បានបញ្ជាក់ថាៈ «ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត»។
សូមរំឭកថា ការណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត ម៉ាក Jeep overland ពាក់ស្លាក លេខ ភ្នំពេញ 2CB-9963 បានបើកប្រដេញគ្នាជ្រុលបុកជនរងគ្រោះជិះម៉ូតូបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ក្រោយកើតហេតុ ម្ចាស់រថយន្តត្រូវបានគេស្គាល់ថាឈ្មោះ  សុខ  លីណា ជាប្រពន្ធលោកមេធាវីម្នាក់ មានទីលំនៅផ្ទះលេខ៖ ៥២D ផ្លូវលេខ ៦៣  ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំពោះអ្នកបើកបរត្រូវបានគេសង្ស័យថាឈ្មោះ  ព្រហ្ម  វិចិត្រសុសក្ដា  ជាមន្ត្រីរាជការ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ  និងហិរញ្ញវត្ថុ ព្រោះឃើញមានឯកសារពាក់ព័ន្ធដែលបន្សល់ទុកក្នុងរថយន្ត។

តាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា ជនសង្ស័យដែលបើកបររថយន្តបង្កគ្រោះថ្នាក់មានឈ្មោះ  ព្រហ្ម  វិចិត្រសុសក្ដា ភេទប្រុស អាយុ ២៣ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៖ ៥២D ផ្លូវលេខ ៦៣  ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឱ្យចូលបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីស្តាប់ចម្លើយ៕