2024-03-28 04:03
38

ភ្នំពេញ៖ ក្រុមឧក្រឹត្យជនពាក់ព័ន្ធករណីជួញដូរគ្រឿង ប្រមាណ ១៩០គីឡូក្រាម ចំនួន ០៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទល្មើស៖ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងបទ៖ «សម្អាតប្រាក់» តាមមាត្រា៧១ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ 

សេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា ករណីសំណុំរឿងព្រហ្មទណ្ឌទទួលពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ រកឃើញគ្រឿងញៀនទម្ងន់ប្រមាណ ១៩០គីឡូក្រាម និងភស្តុតាងពាក់ព័ន្ធការសម្អាតប្រាក់ នៅចំណុចខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ចំណែកបក្ខពួកពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

សូមជម្រាបដា នៅវេលាម៉ោង ១៦និង០៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ដោក ភិរិទ្ធ នាយករងមន្ទីរ និងវរសេនីយ៍ឯក យ៉េង ប៊ុនណា នាយការិយាល័យ (ក៧) សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ ២គោលដៅ៖

- គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ជនសង្ស័យដែលឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១, ទី២- ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងទី៣- ឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។ 

ចំពោះវត្ថុតាងដែលចាប់យកបាន រួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ១៨៣ ៨២៣.២០ក្រាម (១៨៣គីឡូ និង៨២៣.២០ក្រាម) និង មេតំហ្វេតាមីន(ICE) ទម្ងន់ ១៩៩៦ ក្រាម (១គីឡូ និង៩៩៦ក្រាម) សរុបវត្ថុតាងគ្រឿងញៀន ចំនួន ១៨៥ ៨១៩.២០ក្រាម (១៨៥គីឡូ និង៨១៩.២០ក្រាម)។  

បច្ចុប្បន្ន ជនត្រូវចោទទាំង ០៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕