2023-06-16 11:06
442

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ បានក្លែងបន្លំជាមន្ត្រីយោធាជាន់ខ្ពស់ កងពលតូចដឹកជញ្ជូន លេខ៩០ ដើរបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋ ដោយធានារត់ការចូលក្រមខណ្ឌយោធា។

ជនក្លែងបន្លំជាមន្ត្រីយោធា ដើរបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៣០នាទី ក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផ្នែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា  ជនរងគ្រោះឈ្មោះ ហេង បុរី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន បាននាំជនសង្ស័យ ០១នាក់ មកប្រគល់ឲ្យការិព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ដឹងខ្លួនថាចាញ់បោកជនសង្ស័យ។ 

លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ឈឹម ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិផ្សារសាំងហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ:មិនពិតប្រាកដ បានអះអាងថា ខ្លួនជាយោធាកងពលតូចដឹកជញ្ជូន លេខ៩០ ដោយធានានាំជនរងគ្រោះចូលធ្វើជាយោធា ដោយយកលុយ ចំនួន ៤០០$

ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ កាបូបស្ពាយ០១  អាយកូម ០៤គ្រឿង ,ប័ណ្ណបើកប្រាក់ខែយោធា  ផ្លាកឈ្មោះទាហានមួយចំនួន ឯកសណ្ឋានយោធា ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក  កាតធនាគារABA ០១ និងកាណាឌីយ៉ា ០១។       

តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ហេង បុរី បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈឹម ចំរើន បានយកប្រាក់ពីខ្លួន ចំនួន ៤០០ដុល្លា ដើម្បីយកទៅរត់ការឱ្យជនរងគ្រោះចូលបំរើក្របខ័ណ្ឌយោធា។ លុះដល់ថ្ងៃទី១៥-០៦-២០២៣ ជនរងគ្រោះបានដឹងថា រូបខ្លួនត្រូវបានជនសង្ស័យប្រើល្បិចបោកយកប្រាក់ ក៍បានទាក់ទងទៅជនសង្ស័យហើយប្រាប់ថា មានបងប្អូនចង់ចូលបំរើក្របខ័ណ្ឌយោធាដែរ ហើយមានប្រាក់ ចំនួន ១លានរៀល។ ពេលនោះជនសង្ស័យក៍បានមកជួបជនរងគ្រោះដើម្បីយកប្រាក់នោះរត់ការ។

ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានឆបោកយកប្រាក់ពីជនរងគ្រោះចំនួន ៤០០ដុល្លារ យកទៅរត់ការឱ្យចូលក្របខណ្ឌយោធាប្រាកដមែន។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕