2024-01-28 04:01
71

(ព្រៃវែង)៖ លោក ស ថេត អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច។
    ជាកិច្ចចាប់ផ្ដើម លោក ស ថេត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមបំពេញការងារជាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងឋានៈជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច។
    លោក ស ថេត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមការងារនៃស្រុកទាំងពីរ ដែលបានធ្វើឲ្យស្រុកទាំងពីរមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកគណបក្ស និងការចូលរួមរបស់រាជរដ្ឋាភិបាល ក៏ដូចជាការកសាងសមិទ្ធផល ធ្វើឲ្យមានការផ្លាស់ប្ដូរពីការមិនទាន់អភិវឌ្ឍន៍ មកការរីកចម្រើនអាចទទួលយកបាន និងរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ សមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារការចង្អុលដឹកនាំពី ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ។

   បើតាម លោក ស ថេត, ការកែសម្រួលសមាជិកក្រុមការងារចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ក្រោយជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅពេលនេះ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពរឹងមាំ និងដើម្បីការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ដើម្បីឲ្យសាកសមជាគណបក្សកាន់អំណាច និងកាន់តែមានភាពរឹងមាំបន្ថែមទៀត។
    ក្នុងន័យនេះ លោក ស ថេត បានណែនាំដល់ក្រុមការងារមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅពេលទទួលបានតំណែងនេះហើយ ត្រូវតែបន្ដខិតខំប្រឹងប្រែងក្ដោបក្ដាប់ឲ្យបាន នូវតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការណាមួយត្រូវតែបំពេញបន្ថែម ហើយត្រូវលុបបំបាត់ឲ្យខាងតែបាននូវភាពក្រអើតក្រទប និងការអសកម្មមួយចំនួន ព្រោះអំពើមិនគប្បីទាំងអស់នេះ ជះឥទ្ធិពលមិនល្អនៅពេលបោះឆ្នោត។ ប៉ុន្ដែតាមរយៈលទ្ធផលបោះឆ្នោតកន្លងមកនេះ បានបង្ហាញថា មន្ដ្រីមូលដ្ឋានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរជាមួយគ្នានេះ លោក ស ថេត បានដាក់ចេញការណែនាំចំនួន៩ចំណុច ដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ នៅស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរនៅពេលខាងមុខ រួមមាន៖
*ទី១៖ ការសម្រួលបន្ថែមសមាសភាពនៅថ្នាក់ឃុំ ភូមិ នៃស្រុកទាំងពីរ
*ទី២៖ បន្ដចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន កសាងសមិទ្ធផលនានារបស់គណបក្ស ហើយត្រូវបំពេញបន្ថែមនូវកន្លែងមានការខ្វះចន្លោះ
*ទី៣៖ បន្ដធ្វើអំពើល្អប្រជាពលរដ្ឋ បម្រើសេវា និងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាកត្តាមិនអាចជៀសផុតបានឡើយ ពោលត្រូវធ្វើកិច្ចការងារនេះឲ្យសកម្ម។ ត្រូវលុបបំបាត់ទង្វើទាំងឡាយ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត
*ទី៤៖ បន្ដចុះតាមខ្នងផ្ទះដោះស្រាយប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ដើម្បីផ្ដល់ជូនឲ្យចំមុខសញ្ញារងគ្រោះ និងងាយរងគ្រោះ
*ទី៥៖ ពង្រឹង និងពង្រីកការងារសតិអារម្មណ៍ និងការងារចាត់តែង
*ទី៦៖ ការប្រកាន់ខ្ជាប់នូវលក្ខិនកៈ គោលការណ៍ និងសេចក្ដីណែនាំរបស់គណបក្ស
*ទី៧៖ ជំរុញគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយក្ដីសុខសាន្ដ និងគ្មានក្ដីព្រួយបារម្ភ
*ទី៨៖ តាមដានសកម្មភាពគណបក្សដទៃ ដើម្បីទប់ស្កាត់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា
*ទី៩៖ ត្រៀមលក្ខណៈសម្បត្តិ និងកម្លាំង ដើម្បីធ្វើបច្ចុប្បន្នសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាតាមខ្នងផ្ទះឡើងវិញ។
   ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ លោក ស ថេត ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ឲ្យថែរក្សាសុខភាព ត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឲ្យបានគ្រប់ៗគ្នា៕