2023-10-20 10:10
250

ភ្នំពេញ៖ ក្រុមក្មេងទំនើងដែលមានរហស្សនាមថា ក្រុម «DS ដីខ្សាច់» បានជិះម៉ូតូប្រមាណ ១០គ្រឿង មានគ្នាប្រហែល ២០នាក់ ប្រដាប់ដោយកាំបិតផ្គាក់សម្រុកចូលទៅកាប់ប្រហារយុវជនមួយក្រុមទៀត ខណៈពេលកំពុងអង្គុយហូបប្រហិតចៀន នៅផ្ទះអ្នកលក់ចាប់ហួយមួយកន្លែង នៅមុខច្រកចូលបុរី មហាសែនសុខ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាលចំនួន ០៣នាក់។ 

ហេតុការណ៍ អំពើហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងរហស្សនាម «DS ដីខ្សាច់» បានកើតមានឡើងនៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុច ផ្ទះលក់ចាប់ហួយមុខច្រកចូលបុរី មហាសែនសុខ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុមានយុវជន ចំនួន ០៣នាក់ មានជិះម៉ូតូ ០១គ្រឿង ចូលហូបប្រហិតចៀន នៅតូបលក់ដូរមួយកន្លែង មុខច្រកចូលបុរី «មហាសែនសុខ» ខណៈពេលអ្នកលក់កំពុងតែចៀនប្រហិតដាក់ឱ្យក្រុមយុវជនទាំង ០៣នាក់ ស្រាប់តែមានក្រុមក្មេងទើងជិះម៉ូតូជាច្រើនគ្រឿន មានគ្នាប្រមាណ ២០នាក់ ប្រដាប់ដោយអាវ និងកាំបិតផ្គាក់ចូលទៅកាប់ជនរងគ្រោះដល់កន្លែងលក់ប្រហិតហើយក្រុមយុវជនរងគ្រោះបានរត់ចូលផ្ទះអ្នកលក់ដើម្បីគេចពីគ្រោះថ្នាក់ ប៉ុន្តែពួកវាបានតាមកាប់ដល់ក្នុងផ្ទះ រួចកាប់បំផ្លាញម៉ូតូជនរងគ្រោះហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ក្រុមយុវជនរងគ្រោះ បានរៀបរាប់ថា ពួកខ្លួនមិនធ្លាប់មានទំនាំស់គ្នាជាមួយនឹងក្រុមយុវជនបង្កទាំងនោះឡើង ប៉ុន្តែពួកគេស្គាល់ថា ជាក្រុម «DS ដីខ្សាច់» ដែលល្បីល្បាញឈ្មោះខាងកាប់ចាក់ និងកាងនៅតំបន់ពោធិ៍ចិនតុង។ ក្នុងហេតុការណ៍អំពើហិង្សាខាងលើបណ្តាលឱ្យយុវជនរង ចំនួន ០៣នាក់រងរបួសថ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការសាកសួរ ដើម្បីកំណត់មុខសញ្ញា ដើម្បីតាមចាប់ឃាត់ខ្លួនក្រុមយុវជនបង្កទាំងនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕