2024-03-06 10:03
67

ពោធិ៍សាត់:បុរសវ័យចំណាស់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូប្រើប្រាស់ល្បឿនលឿន បុករថយន្តនៅផ្លូវបំបែកជាបួន។
ករណីកើតឡើងនៅចំណុចផ្លូវបំបែកជាបួននៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1M-0666 ធ្វើដំណើរក្នុងទីសដៅពីកើតទៅលិច ប្រើប្រាស់ល្បឿនលឿន មកដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាកHILUX VIGO ពណ៌ស ផ្លាកលេខភ្នំពេញ2AC-7389 ធ្វើដំណើរក្នុងល្បឿនមធ្យម ទិសដៅពីជើងទៅត្បូង បណ្តាលអ្នកបើកបរម៉ូតូដែលកំពុងប្រើប្រាស់ល្បឿនលឿននោះ ក៍បានមកបុករថយន្តចំកង់ខាងមុខផ្នែកខាងឆ្វេងដៃយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានប្រាប់ឲ្យដឹងថា កត្តាដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង មកពីអ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿនបាត់ម្ចាស់ការ ដោយតុល្យភាពនៃការខូចខាត ស្លាប់មនុស្ស០១នាក់ ខូចម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿង ។ លោកអធិការរង បានបន្តថា ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុភ្លាមៗមានឈ្មោះ កង ចាន់ធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្នួសតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបររថយន្តបានទុករថយន្តចោលនៅកន្លែងកើតហេតុ ក៍បានរត់គេចខ្លួន ដោយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកមកដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕ លាន គ្រន