2023-07-25 06:07
141


(កំពត) នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ពេលពលរដ្ឋវិលត្រឡប់ទៅភ្នំពេញវិញតាមកន្លែងការងាវិញ បានបង្ហាញទឹកចិត្តសប្បាយរីករាយ ដែលខ្លូនមានឱកាសមកបោះឆ្នោតបំពេញតួនាទីជាពលរដ្ឋល្អដោយគ្មានការចំណាយ និងបានគាំទ្រ សាទរជាមួយលទ្ធផលនៃការរាប់សន្លឹកឆ្លោត ដែលបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣នេះ ។


   ប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល បានលើកឡើងថា ពួកគាត់បានមកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អរួចហើយ តាមរយៈការមកចូលរួមបោះឆ្នោតស្រុកកំណើត។
   ប៉ុន្តែទន្ទឹមគ្នានេះ ក៏មិនភ្លេចអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានជួយសម្រួល ការចំណាយសម្រាប់ការមកបោះឆ្នោត ដោយបានផ្តល់ឱកាសឲ្យកម្មករ និយោជិត បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាក៣ថ្ងៃ និងបានផ្តល់សេវាធ្វើដំណើរដោយជិះរថយន្តក្រុងឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលដល់ពួកគាត់។
   ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ទៀតថា ទន្ទឹមនឹងក្តីសប្បាយរីករាយដែលបានជិះរថយន្តក្រុងមកបោះឆ្នោតដោយគ្មានការចំណាយ និងបានមកលេងស្រុកផងនោះ ដំណឹងដ៏សែនរីករាយមួយទៀត គឺលទ្ធផលរាប់ស្លឹកឆ្នោតបណ្តោះអាសន្នរបស់ គ.ជ.ប ដែលបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី នៅគ្រប់ខេត្ត និងទទួលបានអាសនៈច្រើនលើសលប់នៅរដ្ឋសភា។
   ក្នុងនាមជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត ពួកគាត់ពិតជាគាំទ្រ និងសាទរយ៉ាងពេញទំហឹង ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ព្រោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា  ដឹកនាំប្រទេសបានល្អ នាំមកនូវសុខសន្តិសភាព និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន។
   សូមបញ្ជាក់ថា រថយន្តក្រុងដឹកជញ្ជូនកម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទូទៅឥតគិតថ្លៃ មកចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ  នីតិកាលទី ៧ នៅខេត្តកំពត បានដឹកជញ្ជូនប្រជាពលរដ្ឋចេញទៅភ្នំពេញវិញ៣គ្រឿងហើយបើគិតចាប់ពីត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ  ខណៈដែលរថយន្ត ២៤គ្រឿងទៀតកំពុងរង់ចាំបងប្អូនពលរដ្ឋនៅបរិវេណបេនឡានខេត្តកំពត។
   រថយន្តក្រុងជិះមិនគិតថ្លៃទាំងនេះ នឹងចេញដំណើរទៅភ្នំពេញបន្តបន្ទាប់ទៀត  ពេញមួយ ចេញមួយ រហូតអស់រថយន្ត។(សឹង រ៉ាត់)