2023-06-29 03:06
300

ភ្នំពេញ​៖​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៥១៦កែងផ្លូវលេខ២៨៣​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។ 

រថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបានបើកបុកជាមួយរថយន្តព្រូសនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2Z -9267 បើកបរដោយនារីជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកអូឌីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8878ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលបុកជាមួយរថយន្តព្រូសចំពីចំហៀងខាងមុខខាងឆ្វេងបណ្ដាលឱ្យរថយន្តព្រូសដាច់កាឡេកង់ទៅមុខលែងរួច។ ចំណែករថយន្តអូឌីខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសម្របសម្រួល​ តែដោយភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕