2023-07-08 01:07
143

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាកធុនដ្រាមួយគ្រឿងក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េដឹកផ្លែឈេីពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្ដធុនដ្រាខ្ទេចខាងមុខមួយចំហៀងផ្នែកខាងស្ដាំ​ ដែលបង្កឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងសង្កាត់ផ្សារដើមគ   ខណ្ឌទួលគោក​ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកធុនដ្រា ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AE-6266 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន​។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តកូរ៉េដឹកផ្លែឈើ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BN-0619 បើកដោយបុរសម្នាក់ធ្វេីដំណេីរពីមុខ ក៏ត្រូវរថយន្តធុនដ្រាបុកចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តកូរ៉េខូចខាតកាងតិចតួចនិងខូចខាតផ្លែឈើរអស់មួយចំនួន ។ ចំណែករថយន្តបង្កម៉ាកធុនដ្រាខូចខាតមួយចំហៀងមុខផ្នែកខាងស្ដាំទាំងស្រុង​ តែសំណាងដែរដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមគបានចុះមកដល់ រួចឱ្យភាគីទាំងសងខាងសម្រួលគ្នាមួយជំហាន​ ។ បន្ទាប់ពីសម្របសម្រួលគ្នាមួយសន្ទុះ ភាគីរថយន្តបង្កម៉ាកធុនដ្រាព្រមទទួលកំហុស​និងព្រមចេញថ្លៃជួសជុលទៅលើរថយន្តកូរ៉េដឹកផ្លែឈើ​ បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕