2023-09-25 09:09
166

ព្រៃវែង៖ សោកនាដកម្មរថយន្តសាំយ៉ុងដឹកអ្នកដំណើរ ០១គ្រឿង បានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឲ្យស្លាប់មនុស្ស ចំនួន ០៤នាក់ និងជាច្រើននាក់រងរបួសធ្ងន់ស្រាល។ 
ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅចំណុចប្រឡាយទឹក ក្នុងភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បង្កឡើងដោយអ្នកបើកបរមានការធ្វេសប្រហែស។ 

តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តសាំងយ៉ុងខាងលើ បានដឹកអ្នកដំណើរមកពីចូលរួមមង្គលការបងប្អូន នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុបានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ចំនួន ០៤នាក់ បានស្លាប់ ចំនូន ០៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត។ 
ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក។ 

បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងសមត្ថកិច្ចរកមធ្យោបាយ ដើម្បីស្ទួចយកចេញពីក្នុងទឹកយកទោរក្សាទុក ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕