2023-12-23 02:12
98

នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង សហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមចែករំលែកក្ដីស្រលាញ់ទៅកាន់ប្អូនៗដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសបុណ្យ ណូ អែល(Christmas)។ 
   នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបជុំជាមួយប្អូនៗដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារជាថ្មីម្តងទៀត ដែលជានិច្ចជាកាល ឯកឧត្តមប្រធានតែងតែមកជួបប្អូនៗនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីសួរសុខទុក្ខ និងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ភ និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាលជាមួយប្អូនៗផងដែរ។ 
   មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ ដែលដឹកនាំដោយ លោកពូ ង៉ូវ ឈីវ ចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការជួយផ្គត់ផ្គង់អាហារ និងពិសេសនោះគឺជួយដល់ការអប់រំ របស់ប្អូនៗដែលមានការខ្វះខាត ។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមទាំងសម្ភារៈ ថវិកា ជាពិសេសពេលវេលា ក្នុងការមកជួបជុំ ចូលរួមទាំងអស់គ្នា ដើម្បីអបអរបុណ្យណូអែល(Christmas) ជាមួយប្អូនៗនាឱកាសនេះ។ ជាចុងក្រោយ ឯកឧត្តមបានលើកទឹកចិត្តដល់ប្អូនៗឱ្យខំប្រឹងប្រែងរៀនសូត្រ និងរក្សាក្តីសង្ឃឹមដើម្បីជោគជ័យនាពេលអនាគត។