2023-09-25 04:09
154

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ 
ប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើលអ្វីម៉្យាងដែលជាប់នៅក្នុងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មមួយ កាត់ទទឹងផ្លូវ បន្ទាប់ពីមានជះក្លិនស្អុយខ្លាំង និងមានទឹករងៃស្រក់ជាច្រើនតំណក់ថែមទៀត។ 

ទីតាំងកើតហេតុស្ថិតនៅចំណុចផ្ទាំងប៉ាណូ១កន្លែងដែលមានចម្ងាយជាង២០០ម៉ែត្រពីស្ពានលេខ៤ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុនាអំឡុងម៉ោង៤និង២០នាទី មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ដែលកំពុងបើកបរឆ្លងកាត់ផ្ទាំងប៉ាណូខាងលើសុខៗស្រាប់តែមានទឹករងៃស្រក់ម្តង១តំណក់ចំអ្នកដំណើរម្នាក់ហើយពេលហិតទៅមានក្លិនស្អុយអសោចិ៍គួរឱ្យខ្ពើម  ក៏ឈប់ម៉ូតូ រួចត្រឡប់មកក្រោមផ្ទាំងប៉ាណូខាងលើ ស្រាប់ឃើញមានទឹករងៃស្រក់ពីលើផ្ទាំងប៉ាណូដែលកាត់ទទឹងផ្លូវនោះមកលើផ្លូវក៏កើតការសង្ស័យ ឈរសម្លឹងមើលមួយសន្ទុះធំ។ 

អ្នកឃើញហេតុការណ៍បានបន្តថា៖ ខណៈកំពុងឈរសម្លឹងមើលស្រាប់តែឃើញក្បាលមនុស្សនិងដងខ្លួនមនុស្សប្រុសស្លៀកខោខូវប៊ូយគ្មានពាក់អាវ ខ្លួនស្រោបដោយទឹករងៃយ៉ាងរលោងប្រៀបដូចសត្វផ្សោត ក្លិនភាយអសោចិ៍ជះពេញទីតាំងខាងលើ ក៏នាំគ្នាផ្អើលរាយការណ៍ជូនសមត្ថកិច្ចដោយសង្ស័យមានមនុស្សស្លាប់នៅខាងលើ។ 

បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ដើរត្រួតពិនិត្យជុំវិញទីតាំងក៏ប្រទះឃើញទ្រនាប់ជើង១គូនៅគល់ជើងសសរផ្ទាំងប៉ាណូនោះក៏សន្និដ្ឋានបឋមថា ពិតជាមានមនុស្សឡើងទៅខាងលើហើយស្លាប់មែន។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់មន្ត្រីជំនាញខាងកោសល្យវិច័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសាកសពនោះ។

បន្ទាប់ពីធ្វើការត្រួតពិនិត្ររួច មន្ត្រីជំនាញបានរកឃើញមានអាវយឺតពណ៌ក្រហម កាបូបលុយគ្មានលុយ មានតែក្រដាសជួសជុលទូរស័ព្ទនិងសពបុរសខាងលើដែលមានខ្សែលួសចងក ជាប់ជាមួយផ្ទាំងប៉ាណូនោះ មានសភាពហើមធំុក្លិនស្អុយខ្លាំងផងដែរ។ 

ក្រោយមក មន្ត្រីជំនាញបានយកសពបុរសខាងលើចុះមកក្រោមព្រមទាំងបានធ្វើការត្រួតពិនិត្យទៅលើសាកសព ឃើញថា សពពិតជាបានចងកធ្វើអត្តឃាតនៅក្នុងចន្លោះផ្ទាំងប៉ាណូដោយខ្លួនឯង ដោយប្រើប្រាស់ខ្សែលួស ចងភ្ចាប់ជាមួយចង្រឹងដែកនៃផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនោះពិតមែន  ហើយអាចនឹងស្លាប់យូរថ្ងៃ ទើបមានសភាពហើមស្អុយខ្លាំង និងមានស្រកទឹករងៃថែមទៀតផង៕