2024-02-07 04:02
63

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានថ្លែងបញ្ជាក់ថា ក្រសួងការងារបានដាក់ចេញយុទ្ធសាស្ត្រ៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរផែនការយុទ្ធសាស្ត្រនេះ បានធ្វើអាទិភាពកម្មយុទ្ធសាស្ត្របច្ចេកទេសចំនួន៥ និងយុទ្ធសាស្ត្រ               គាំទ្រចំនួន១ ដែលអនុលោមតាមសូចនាករយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ឯកសារអនុលោមភាពជាមួយស្តង់ដារអន្តរជាតិ, ព្រមទាំងធានា សង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយគោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។

យុទ្ធសាស្ត្របច្ចេកទេសទាំង៥រួមមាន៖ទី១. ការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្មទី២. ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតងទី៣. ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំទងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារទី៤. ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនិងទី៥. ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច និងយុទ្ធសាស្ត្រគាំទ្រចំនួន១គឺការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍បន្ថែមថា សន្និបាតរយៈពេល ២ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់ក្នុងការត្រួតពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដោយនឹងធ្វើការវាយតម្លៃលើយុទ្ធសាស្រ្តអាទិភាព ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈមមួយចំនួន ដើម្បីលើកទិសដៅអាទិភាពសម្រាប់អនុវត្តការងារនៅឆ្នាំ២០២៤ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅនិងកាន់តែមុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។  

យ៉ាងណា លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានស្នើដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលក្រសួងមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ ហើយត្រូវទាញយកនូវឧត្តមានុវត្តន៍គន្លឹះមកពិភាក្សាឱ្យបានផុលផុស ដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនានាសម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត ដែលជាបេសកកម្មចម្បងរបស់ក្រសួងនៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី សំដៅធ្វើឱ្យកាន់ទេប្រសើរឡើងនូវលក្ខខណ្ឌការងារ, សុវត្ថិភាពនិងសុខភាពការងារ, សេរីភាពអង្គការវិជ្ជាជីវៈ, សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ជំនាញនិងផលិតភាពការងារ, មុខរបរនិងការងារសមរម្យ, និងប្រព័ន្ធសន្តិសុខសង្គមពេញលេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង ព្រមទាំងសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕