2023-12-23 07:12
111

ពោធិ៍សាត់៖ តាមរយៈកិច្ចសហប្រតិបត្តិការ និងការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និង ស្រុក Yangpyeong ខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េខាងត្បូង។

ពិធីចុះ MOU រវាងខេត្តពោធិ៍សាត់ និង Yangpyeong ខេត្ត Gyeonggi-do ប្រទេសកូរ៉េ ធ្វើឡើងសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់  និងប្រតិភូប្រទេសកូរ៉េ ដឹកនាំដោយលោក JEON JIN SEON អភិបាលស្រុក Yangpyeong។

តាមរយៈ MOU នេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្ត Gyeonggi-do ជាពិសេស គឺកិច្ចសហប្រតិបត្តិការនេះ បានបើកឱកាសឲ្យប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តពោធិ៍សាត់ អាចទៅទទួលការ
បណ្តុះបណ្តាល និងធ្វើការរកកម្រៃ ផ្នែកកសិកម្មនៅស្រុក Yangpyeong ខេត្ត Gyeonggi-do ប្រទេសកូរ៉េបាន។ 

លោក JEON JIN SEON អភិបាលស្រុក Yangpyeong បានឲ្យដឹងថា៖ កន្លងមកយើងធ្លាប់ធ្វើកិច្ចសហប្រតិបត្តិការ និងនាំយកយុវជនកម្ពុជាពីខេត្តសៀបរាម ទៅបណ្តុះបណ្តាល និងធ្វើការផ្នែកកសិកម្មរួចហើយ ដោយយុវជនកម្ពុជាមានភាពអំណត់ និងខិតខំធ្វើការបានយ៉ាងល្អ ជាហេតុនាំឲ្យបណ្តាលម្ចាស់ក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានក្នុងស្រុក Yangpyeong មានតម្រូវការយុវជនកម្ពុជា ដើម្បីបំពេញការងារជាច្រើនកន្លែងបន្ថែមទៀត ហើយពោធិ៍សាត់ ជាខេត្តដែលមានសក្តានុពលផ្នែកកម្លាំងពលកម្ម ។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េខាងត្បូង លើវិស័យកសិកម្មរួមមាន៖

ទី១- ចែករំលែក និងប្រើប្រាស់ធនធាន នៃតំបន់ទាំងពីរ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន និងសហការគ្នា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងផ្នែកកសិកម្ម និងបង្កើនប្រាក់ចំណូលកសិកម្ម។

ទី២- ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរព័ត៌មានចាំបាច់ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ, ផ្តល់ភាពងាយស្រួល សម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាកសិកម្ម, ទស្សនកិច្ច និងបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរ និងសហការបច្ចេកវិទ្យាកសិកម្ម។

ទី៣- រួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ទាំងពីរ ដោយបន្តធ្វើការលើបញ្ហាដែលមានផលប្រយោជន៍រួម ដូចជាការអនុវត្តកម្មវិធីអភិវឌ្ឍន៍រួមគ្នាឱ្យបានរហ័ស។

ក្នុងនាម រដ្ឋបាលខេត្ត និងប្រជាជនខេត្តពោធិ៍សាត់ លោក ខូយ រីដា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រដោយប្តេជ្ញាខិតខំជម្រុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាមួយស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េដោយស្របតាមគោល នយោបាយនៃប្រទេសទាំងពីរ៕ លាន គ្រន