2024-03-26 01:03
30

(បាត់ដំបង)នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងជិតចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង២០២៤ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនា យករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលពីធីខាងលើនេះបានធ្វើឡើងនៅខាងមុខរូបសំណាកលោកតាដំបងក្រញូង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំ សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ រយះពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងនោះដែរឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងារធ្វើយ៉ាងណារៀបចំព្រឹត្តិ ការណ៍សង្រ្កាន្ដបាត់ដំបងនេះឱ្យកាន់តែអធិកអធមថែមទៀត ពិសេសរៀបចំនូវស្ដង់ដែលបង្ហាញអំពីផលិតផលកសិផល ឬសក្ដានុពលដែលមាននៅតាមក្រុង ស្រុកទាំង១៤ ក៏ដូចជាផលិតផលក្នុងស្រុក ការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ ឱ្យបានល្អដោយត្រូវគិតគូពីសុវត្ថិភាពជូនដល់អ្នកដែលបានមកលេងកម្សាន្តនៅតំបន់នេះ និងយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំទៅតាមតំបន់សំខាន់ៗនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ខាងមុខនេះ ។

បន្ថែមពីនេះក៏ត្រូវពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ទំនុកចិត្ត ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តក្រុងបាត់ដំបង ដោយភាពសប្បាយរីក  រាយបំផុត ។