2023-08-10 05:08
167


   ភ្នំពេញ៖ រថយន្តម៉ាកMGមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសនារីពីរនាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំងពីរនាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យ ។ 
   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី កែងជាមួយផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្ដម៉ាក MG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-7238 បើកបរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងផ្លូវលេខ២៥៧ បានសុីញ៉ូបត់ឆ្វេងមិនប្រយ័ត្នក៏មានបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក YAMAHA ពណ៌ខ្មៅ ពាក់ស្លាកលេខ 1KF-7036 ឌុបនារីម្នាក់ធ្វេីដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនជ្រុលចង្កូតទៅបុករថយន្ដពេញទំហឹងបណ្ដាលឱ្យនារីដែលជិះពីក្រោយហោះផ្លោងរំលងរថយន្ដធ្លាក់ទៅបោកនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យ។ រីឯបុរសជាអ្នកបើកបររងរបួសស្រាល។ ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ ចំពោះរថយន្ដវិញរងការខូចខាតចំទ្វារទាំងពីរចំហៀងខាងស្ដាំ។
   ក្រោយកើតហេតុក៏មានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចស្ទូចរថយន្ដនិងម៉ូតូយកទៅរក្សាទុកដើម្បីរង់ចាំឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕