2024-01-29 01:01
59

ភ្នំពេញ៖ រថយន្តដឹកឈើប្រណិតដោយខុសច្បាប់ ០១គ្រឿង និងរថយន្តនាំផ្លូវ ០១គ្រឿងទៀត សរុបចំនួន ០២គ្រឿង រួមទាំងអ្នកបើកបរ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខ័ណ្ឌសែនសុខ ប្រតិបត្តិការប្រដេញបង្ក្រាបបានភ្លាមៗ បន្ទាប់ពីពួកគេព្យាយាមបើករត់គេចចេញពីគោលដៅសមត្ថកិច្ចដាក់ឆែកឆេរអាវុធជាតិផ្ទុះ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនា តាមបណ្តោលផ្លូវលេខ ១៩៨៦ ។

 ការបង្ក្រាបរថយន្តទាំង ០២គ្រឿង ដែលព្យាយាមរត់គេចចេញពីគោលសមត្ថកិច្ច ធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកបទល្មើសព្រៃឈើ និងរថយន្តនាំផ្លូវខាងលើ រួមមាន៖ ទី១- ម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-1659 មានជិះគ្នា ០២នាក់ ដឹកឈើប្រណីតពេញរថយន្ត និង ទី២- រថយន្ត ម៉ាក កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0327 ជិះប្ដីប្រពន្ធ ០២នាក់ និងកូនតូចម្នាក់ទៀត ។

 សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចុះឆែកអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល នៅតាមបណ្ដោយផ្លូវលេខ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ប្រទះឃើញរថយន្ដ ចំនួន ០២គ្រឿង បើកគេចគោលដៅសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដែលកំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍ ដោយរថយន្តកាមរីបាឡែន បើកខាងមុខ និងរថយន្តម៉ាកស៊ីណាបើកពីក្រោយ បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានដេញតាមឃាត់ភ្លាមៗ ព្រមទាំងធ្វើការឆែកឆេររកឃើញឈើប្រណីតពេញមួយរថយន្ត ។

 បច្ចុប្បន្ន សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំយករថយន្តទាំង ០២គ្រឿង រួមនឹងអ្នកពាក់ព័ន្ធជិះក្នុងរថយន្តយកទៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕