2023-08-04 03:08
257

ភ្នំពេញ៖ គ្រឿងញៀនប្រមាណ ៧៨៩គីឡូក្រាម ត្រូវបានឧក្រឹដ្ឋជនរត់ពន្ធពីតំបន់ត្រីកោណមាស ដោយឆ្លងកាន់ដែនសមត្ថកិច្ចកិច្ច កម្ពុជា-ឡាវ បំណងនាំចេញទៅកោះតៃវ៉ាន់ប្រទេសចិន តាមលំហរសមុទ្រ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រឹដ្ឋជន ចំនួន ០៦នាក់។

 ក្រុមឧក្រឹដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ធ្វើការបង្ហាញមុខ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។ 

 ប្រតិបត្តិការបង្ក្រាបក្រុមឧក្រឹដ្ឋក្រឹដ្ឋកម្មជួញដូរគ្រឿងញៀនឆ្លងដែននេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

 តាមរបាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ០៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន (តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា នឹងបន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។

 របាយការណ៍ដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម ។ 

 ក្រុមទី១: នៅវេលាម៉ោង ០២និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផល ឃាត់ជនសង្ស័យ  ចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) មានឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ និងឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧ ដកហូតបានវត្ថុតាង សារធាតុញៀន ប្រភេទ កេតាមីន ចំនួន ៧៨៥ដុំ  ស្មើទម្ងន់ ៧៨៩គីឡូក្រាម និង ៧៨១ក្រាម, រថយន្ត ០១គ្រឿង និងទូរសព្ទ ចំនួន ០២គ្រឿង។

 ក្រុមទី២: នៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ០៣ គម្រោងទី៧ បុរីប៉េងហួត (បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាលទ្ធផល ឃាត់ជនសង្ស័យ ចំនួន ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) មានឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ជាមេខ្លោងធំ, ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩, ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ និងឈ្មោះ TSAI YU CHING កើតឆ្នាំ១៩៨៨ ដោយចាប់យកវត្ថុតាង រថយន្ត ចំនួន ០៣គ្រឿង, ម៉ូតូ ចំនួន ០២គ្រឿង, ទូរសព្ទ ចំនួន ០៥គ្រឿង និងគណនីធនាគារ ០៨គណនី ។

 សរុបលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទ កេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គីឡូក្រាម ៧៨១ក្រាម, រថយន្ត ០៤គ្រឿង, ម៉ូតូ ចំនួន ០២គ្រឿង, ទូរសព្ទ ចំនួន ០៧គ្រឿង និងគណនីធនាគារ ០៨គណនី។

 បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕