2023-09-29 04:09
248

(ភ្នំពេញ)៖ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា ដែលបានអនុវត្តចាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានជួយដល់ប្រជាជននៅសហគមជនបទជិត៣៥ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន៥ ទទួលបានការប្រកាសជាភូមិ «បញ្ឈប់ការបន្ទោរបង់ពាសវាសពាសកាល»។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិគ្រួសារស្តូន (Stone Family Foundation) អង្គការ អាយឌីអ៊ី (iDE) កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃ«កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB)» ដែលជាកម្មវិធីដំបូងបំផុតក្នុងពិភពលោកលើវិស័យ ទឹកស្អាត និងអនាម័យ (WASH) ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅតាមទីជនបទនៃប្រទេសកម្ពុជា។

គម្រោងដែលមានរយៈពេល៤ឆ្នាំគឺកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) បានខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រជាជននៅជនបទក្នុងខេត្តចំនួនប្រាំមួយរួមមាន៖ ខេត្ត ស្វាយរៀង កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។

ក្នុងការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា មូលនិធិគ្រួសារស្តូនជាអ្នកវិនិយោគ ដែលផ្តល់មូលនិធិដល់អង្គការ iDE ជាមុន សម្រាប់ការអនុវត្តកម្មវិធីនេះ ក្នុងការផ្គត់ផ្គង់សម្ភារអនាម័យ (បង្គន់) ដែលមានគុណភាពល្អ និងតម្លៃសមរម្យដល់រាប់ពាន់គ្រួសារនៅជនបទអាចឲ្យមានលទ្ធភាពទិញសម្ភារអនាម័យនោះបាន។

ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ផ្តល់មូលនិធិដល់មូនិធិគ្រួសារស្តូនវិញនៅពេល iDE និង មូលនិធិគ្រួសារស្តូនសម្រេចលទ្ធផលទៅតាមផែនការដែលបានកំណត់ និងព្រមព្រៀងគ្នារួច។ ជាសរុប USAID បានផ្តល់មូលនិធិក្នុងការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាមានចំនួនជិត ១០លានដុល្លារសហរដ្ឋអាមេរិក។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់អនាម័យជនបទនៅកម្ពុជា បានជួយដល់សហគមជនបទដែលមានប្រមាណជិត ៣៥ម៉ឺន គ្រួសារទទួលបានការប្រកាសជាភូមិ «បញ្ឈប់ការបន្ទោរបង់ពាសវាសពាសកាល» ប្រកបដោយជោគជ័យដែលជាសមិទ្ធផលដ៏សំខាន់មួយ បានបញ្ជាក់ពីលទ្ធភាពទទួលបានអនាម័យជាសកលនៅក្នុងសហគមន៍ជនបទទាំងនេះ។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាបានផ្តល់ប្រភពមូលនិធិយ៉ាងសំខាន់ដល់ iDE ក្នុងការជំរុញកម្មវិធីពង្រីកទីផ្សារអនាម័យប្រកបដោយជោគជ័យ។

ដោយបានផ្តល់នូវសម្ភារអនាម័យដល់គ្រួសារនៅជនបទក្នុងតម្លៃសមរម្យ កសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធនៅក្នុងសហគមន៍លើវិស័យទឹកស្អាត និងអនាម័យនេះ។ កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់ USAID បានផ្តល់ដល់មូលនិធិគ្រួសារស្តូន និងអង្គការ iDE នូវលទ្ធភាពក្នុងការរៀនសូត្រ កែតម្រូវ និងបង្កើតនវានុវត្តន៍ថ្មីដែលធ្វើឲ្យកម្មវិធីនេះទទួលបានជោគជ័យលើសផែនការដែលបានគ្រោងទុក ទោះជាប្រឈមនឹងបន្ទុកបន្ថែមនៃជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជានេះសម្រេចបានភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលចំនួន ១,៧៨០ភូមិ លើសផែនការ ១,៦០០ភូមិ ទូទាំងខេត្តគោលដៅទាំងប្រាំមួយរបស់គម្រោង។

នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា លោកស្រី Kerry Pelzman មានប្រសាសន៍ថា «វិធីសាស្រ្តថ្មីនៃការផ្តល់មូលនិធិដោយផ្អែកលើលទ្ធផល ដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យអនាម័យជនបទនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាដែលជាកម្មវិធីដំបូងបំផុតរបស់ USAID លើវិស័យអនាម័យ គឺជាយន្តការមួយប្រកបដោយនវានុវត្តភាពក្នុងកិច្ចសហការ និងស្វែងរកដំណោះស្រាយជាមួយបណ្តាអ្នកពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនក្នុងស្រុក ដើម្បីសម្រេចបាននូវលទ្ធ ផលនៃការអភិវឌ្ឍដ៏ប្រសើរនេះ»។

លោក John Stone ស្ថាបនិក និងជាប្រធានមូលនិធិគ្រួសារស្តូនមានប្រសាសន៍ថា «កាលណាមានហានិភ័យធំយើងក៏ទទួលបានភាពជោគជ័យធំដូចគ្នាដែរ។ ការពិតដែលមូលនិធិរបស់យើងបានត្រៀមខ្លួនរួចជាស្រេចហើយចំពោះហានិភ័យនៃភាពបរាជ័យ ដែលអាចកើតឡើង ហើយUSAID យល់ព្រមផ្តល់មូលនិធិសម្រាប់ភាពជោគជ័យនេះ។ តាមរយៈកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) នេះ យើងបានបង្ហាញពីរបៀបផ្តល់មូលនិធិពីម្ចាស់ជំនួយទៅឱ្យអ្នកវិនិយោគលើសមិទ្ធផល។ នេះជា ជោគជ័យដ៏អស្ចារ្យមួយ! ភាពជាដៃគូជាមួយ iDE បានឱ្យយើងសម្រេចបាននូវលទ្ធផលដ៏ប្រសើរ ដោយបានផ្តល់ឱ្យប្រជាជន ប្រមាណ១លាន ៧សែននាក់នៅក្នុងប្រទេសកម្ពុជា ទទួលបាននូវអនាម័យល្អ»។

លោកបន្តថា ការឈានដល់ការបញ្ឈប់ការបន្ទោរបង់ពាសវាសពាសកាល នៅក្នុងសហគមន៍ទាំងនេះគិតរាប់ចាប់តាំងពីគម្រោងដែលបានចាប់ផ្តើម ពីឆ្នាំ ២០១១ ដែលកាលនោះចំនួនគ្រួសារនៅជនបទមានចំនួនតិចតួចប៉ុណ្ណោះដែលមានបង្គន់អនាម័យប្រើប្រាស់»។

លោកស្រី Lizz Welch នាយិកាប្រតិបត្តិនៃ អង្គការ iDE បានលើកឡើងថា៖ «នេះគឺការរត់ប្រណាំងដ៏អស្ចារ្យមួយ យើងបានដឹងច្បាស់ថា ដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ត្រូវការកម្លាំងជំរុញពិសេសមួយ ដើម្បីអាចឈានទៅដល់ទី។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) គឺជាអ្វីដែលយើងត្រូវការ។ ការផ្តល់ហិរញ្ញប្បទានដែលអាចបត់បែនបាន ហើយវាមិនអាស្រ័យទៅលើរបៀបដែលយើងធ្វើការនោះទេ ប៉ុន្តែវាអាស្រ័យទៅលើលទ្ធផលដែលយើងសម្រចបាន»។


លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារផ្នែកទឹកនិងអនាម័យប្រចាំខេត្តស្វាយរៀងមានប្រសាសន៍ថា ដំណើរឆ្ពោះទៅកាន់ខេត្តដែលប្រកាសឈប់បន្ទោរបង់ពាសវាលពាសកាលដំបូងគេបំផុតនៃខេត្តស្វាយរៀង គឺជាឧទាហរណ៍នៃការសហការគ្នា ការប្តេជ្ញាចិត្ត ការចែករំលែកទំនួលខុសត្រូវរវាងស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានា។ ដោយបានកំណត់អាទិភាពលើលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យប្រសើរ។

លោកបន្ថែមថា «យើងមិនត្រឹមតែសម្រេចបានគោលដៅជាតិនោះទេ យើងថែមទាំងបានផ្លាស់ប្តូរនូវផ្នត់គំនិតសហគមន៍ជនបទទៀតផង។ កិច្ចសហការនៅគ្រប់កម្រិត បានជំរុញការផ្លាស់ប្តូរឥរិយាបថអនាម័យបីយ៉ាងដ៏សំខាន់គឺ ប្រើប្រាស់បង្គន់អនាម័យជាប្រចាំ បរិភោគទឹកស្អាត និងលាងដៃជាមួយសាប៊ូជានិច្ច។ ភាពជោគជ័យនេះ នឹងជាឧទាហរណ៍គំរូនៃការផ្លាស់ប្តូរកើតចេញពីការចែករំលែកទំនួលខុសត្រូវដើម្បីធានាបាននូវសុខុមាលភាពនៅក្នុងសង្គមជាតិយើង»៕