2023-04-10 06:04
327

សៀមរាប៖ ការបំបែកកំណត់ត្រាពិភពលោកនេះ ក្រោម យុទ្ធនាការ Beyond The Games ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបើកទូលាយឱ្យសាធារណៈជនទូទៅអាចចូលរួមដើម្បីជាសក្ខីភាពក្នុងបំបែកឯតទគ្គកម្មពិភពលោកនេះផងដែរ។

ជាការផ្ដួចផ្ដើម ឬគម្រោងមួយដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart) បានមានវត្តមាន ក្រោម យុទ្ធនាការ Beyond The Games ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Game) និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការបត់បេះដូងក្រដាសទាំងនោះ នឹងយកទៅផ្គុំជាផ្ទាំងពាក្យ ឬឃ្លានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងតាំងបង្ហាញអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលបច្ចុប្បន្ននេះ ក្រុមការងារកំពុងតែរៀបចំតាំងបង្ហាញបេះដូងក្រដាសដែលប្រមូលពីសាធារណៈជនសម្រាប់ត្រៀមបំបែកឯតទគ្គកម្មពិភពលោកយ៉ាងសស្រាក់សស្រាំ។

គួរបញ្ជាក់ដែរថា ការបំបែកកំណត់ត្រាពិភពលោកនេះ នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី និងបើកទូលាយឱ្យសាធារណៈជនទូទៅអាចចូលរួមដើម្បីជាសក្ខីភាពក្នុងបំបែកឯតទគ្គកម្មពិភពលោកនេះផងដែរ៕