2023-06-21 06:06
249

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា គិតក្នយងរយៈពេល ៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ បានមកទស្សនាកម្ពុជា ហើយលោកបានបង្ហាញការរំពឹងទុកថា "ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់ទៀតផង"។

លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងយ៉ាងដូច្នេះក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺ កូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ ដែលប្រព្រឹត្តនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង ២.២លាននាក់ កើនឡើង ១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិ បានកើនឡើងលឿន  និងកើនលើសចំនួនមុនពេលវិបត្តិជំងឺ កូវីដ-១៩ ដោយមានចំនួនប្រមាណ ១៣.៩ លាននាក់ កើនឡើង ១៩៩% ធៀបនឹងឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់រយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន ៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិ ប្រមាណ ១០លាននាក់ កើនឡើង ៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តបញ្ជាក់ថា «ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗ រួមមាន៖ 

១- ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

២- ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

៣- ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់៣ទៀត រួមមាន៖ 

១-វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។

២-ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង។

៣-វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ក៏ជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែងផងដែរ៕