2024-03-09 10:03
78

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី រោងចក្រ Y&W ជាង ៤ ០០០នាក់ បាននាំគ្នាធ្វើកូដកម្មបិទផ្លូវនៅខណ្ឌដង្កោ ដើម្បីទាមទានូវលក្ខខ័ណ្ឌការងារ និងអត្ថប្រយោជន៍មួយចំនួនតាមច្បាប់ ស្តីពី ការងារ ក្រោយថៅកែរោងចក្រជួបវិបត្តិសេដ្ឋកិច្ចបិទទ្វារត់ចោលកម្មករដោយមិនទាន់បើកប្រាក់ខែ និងសំណងផ្សេងៗតាមច្បាប់កំណត់។ 

ករណីកម្មករធ្វើកូដកម្មបិទផ្លូវ ដើម្បីទាមទា និងតវ៉ាខាងលើ មានចំនួនប្រហែល ៤ ០០៩នាក់ ស្រី ២ ៦៣៦នាក់ ដឹកនាំដោយប្រធានសហពន័សហជីពសេរីដើម្បីកម្មករខ្មែរ ខាងមុខរោងចក្រ Y&W នៅវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ ២១៧ ភូមិព្រៃជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ក្រោយផ្ទុះការតវ៉ារបស់បងប្អូនកម្មករ-កម្មការិនី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងការពារមិនឲ្យមានសកម្មភាពផ្សេងៗកើតឡើងដោយយថាហេតុឡើយ និងបានសម្របសម្រួលបើកផ្លូវ ដើម្បីឲ្យមានលំហូរចរាចរធម្មតាឡើងវិញ។ 

ចំពោះការធ្វើកូដកម្មនេះ គឺដើម្បីទាមទារឲ្យ រោងចក្រព្រមលើលក្ខខណ្ឌមួយចំនួន រួមមាន៖ ១- ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ តាមមាត្រា ១១៦ ស្តីពី ច្បាប់ការងារ។២- ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ តាមមាត្រា ១៦៦ និង មាត្រា ១៦៧។ ៣- ស្នើសុំឲ្យរោងចក្របើកប្រាក់បំណាច់អតីតភាពដែលនៅសល់តាមមាត្រា ៩៨ថ្មី ប្រកាស៤៤៣។ ៤-,ស្នើសុំឲ្យរោងចក្របើកប្រាក់ជូនដំណឹងមុន តាមមាត្រា ៧៥, ៧៧ និងមាត្រា ៧៩។ ៥- ស្នើសុំឲ្យរោងចក្របើកលុយសងជំងឺចិត្តជូនកម្មករកម្មការិនី តាមមាត្រា ៩១ថ្មី ។ 

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការធ្វើកូដកម្មទាមទារតវ៉ានេះ ដោយសារថៅកែរោងចក្រខ្ស័យធន់បិទទ្វារត់ចោលរោងចក្រពុំមានលទ្ធភាពបើកប្រាក់ខែជូនកម្មករ-កម្មការនី៕