2023-03-26 08:03
499

 

ភ្នំពេញ​ ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧កែងនឹងផ្លូវលេខ៥៩២ ត្រង់ចំណុចមុខវិទ្យាល័យឥន្ទ្រទេវី​ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។

​បុរសម្នាក់​រួមនឹងស្រ្តី២នាក់និងប្រុសម្នាក់ទៀត​បានធ្វេីដំណើរដោយរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនហើយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឱ្យជញ្ចាំងផ្ទះនោះរងការខូចខាតយ៉ាងដំណំនិងមានមនុស្សប្រុសស្រីបួននាក់រងរបួសធ្ងន់ស្រាល ។

     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រី៤នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសES 300hពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AJ -7227 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៧​ ក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដោយល្បឿនរថយន្តលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះពលរដ្ឋពេញទំហឹងបណ្ដាលឱ្យបាក់បែករងការខូចខាត និងបណ្ដាលឱ្យបុរសម្នាក់រងរបួសបាក់​ជើង​ និងបីនាក់ទៀតរងរបួសស្រាល​ ។

ក្រោយកេីតហេតុភ្លាមៗ​ បុរសម្នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិត​។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុដោយឃេីញថាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តបង្កសម្របសម្រួលគ្នាជាមួយម្ចាស់ផ្ទះដោយខាងម្ចាស់រថយន្តព្រមសងសំណងការជួលជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕​