2023-05-12 02:05
447


តាកែវ៖ កម្លាំងមានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនឧក្រិដ្ឋជនខ្មែរ ចំនួន០៤នាក់ ក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដោយរឹបអូសគ្រឿងញៀន១១៨,៦៤ក្រាម។


មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហញមុខក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងទាំង០៤នាក់ នៅចំណុចភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបញ្ជូនខ្លួនទៅកាន់តំណាងអយ្យការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជនសង្សយខាងលើ ធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី ដោយមានការដឹកនាំសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យបានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការបង្ក្រាប ករណីជួញដូគ្រឿងញៀន នៅចំណុចភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ 
ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ទី១- ឈ្មោះ ទួន សាស្រា្ត ភេទប្រុស ឆ្នាំកំណើត១៩៩៤ ,ទី២- ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស ឆ្នាំកំណើត១៩៧៩ ,ទី៣- ឈ្មោះ ចាន់ វាសនា ភេទប្រុស ឆ្នាំកំណើត១៩៨៦និងទី៤- ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត១៩៧៩។ ចំពោះវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១១៨,៦៤ក្រាម ,សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់ ៧៩.១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) ,ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងរថយន្ត០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕