2023-09-24 11:09
188

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈដែលជនសង្ស័យរូបនេះវាយបំបែកកញ្ចក់មួយផ្ទាំងចូលទៅលួចសម្ភារនៅក្នុងផ្សារទំនើបជប៉ុន ។


   ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២០៥កែងនឹងផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
   ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍នេះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុនេះក្នុងគោលបំណងដឹកបន្លែទៅលក់នៅផ្សារដើមគ ហើយក៏ក្រឡេកទៅឃើញបុរសជាជនសង្ស័យម្នាក់ កំពុងតែយកដែកវាយបំបែកកញ្ចក់ផ្សារទំនើបជប៉ុនមួយផ្ទាំង ហើយលូនចូលទៅខាងក្នុងបាត់។ ភ្លាមនោះដែររូបគាត់និងប្រជាពលរដ្ឋជិតខាងនាំគ្នាស្រែកឆោឡោ ផ្អើលពេញបរិវេណក្នុងផ្សារធ្វើឱ្យជនសង្ស័យភ័យមិនហ៊ានរត់ចេញមកក្រៅ បានពួនសម្ងំនៅខាងក្នុងនោះអស់ពេលជាច្រើនម៉ោង។ ក្រោយមកពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។
   បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយម្ចាស់ផ្សារ បានចូលទៅខាងក្នុងឆែកឆេរក៏ឃើញជនសង្ស័យកំពុងតែពួននៅខាងក្នុងហើយបានរៀបចំអីវ៉ាន់ដែលលួចបានទុកជាស្រេចបម្រុងនឹងរត់ចេញមកក្រៅ ទើបសមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីសួរនាំបន្ត៕