2023-06-08 04:06
270


ភ្នំពេញ៖ ស្ត្រីម្នាក់ក្រោយពីប្តីខលឱ្យយកលុយទៅឱ្យនៅកន្លែងធ្វេីការក៏ជិះម៉ូតូដឹកកូនប្រុស២នាក់ទៅជាមួយ ខណៈទៅដល់ពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តស្ទូចបេីកមកពីក្រោយកៀរដួលម៉ូតូខ្ទាតកូនអាយុ៤ឆ្នាំម្នាក់ចូលក្រោមរថយន្តកិនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មហេីយរថយន្តបេីកគេចទៅបាត់។ 


   ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវបេតុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 
   ស្ត្រីជាម្តាយឈ្មោះស្រេង ស្រីតូច អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិកេីតហេតុខាងលេី ប្តីឈ្មោះ ចេក ពន្លក មុខរបរជាងពិតាន មានកូន៤នាក់ ស្រី២នាក់ ចំណែកក្មេងរងគ្រោះឈ្មោះ ចេក ពន្លឺ អាយុ៤ឆ្នាំជាកូនទី៣។ 
   តាមសម្តីម្តាយបានឱ្យដឹងថា មុនពេលកេីតហេតុប្តីបានខលឱ្យរូបគាត់យកលុយទៅឱ្យនៅកន្លែងធ្វេីការដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មាននោះទេ។ បន្ទាប់មករូបគាត់ក៏ជិះម៉ូតូម៉ាកnio ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 1E-9792 ដឹកកូនប្រុស២នាក់ ម្នាក់អាយុ១ខួបជាង និងម្នាក់ទៀតអាយុ៤ឆ្នាំ ដោយកូនច្បងអង្គុយខាងក្រោយឱបកូនតូចនៅកណ្តាល ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស្ទូចមិនចាំស្លាកលេខមកពីក្រោយកៀរបណ្តាលឱ្យរូបគាត់រអិលនឹងភក់ដួលម៉ូតូខ្ទាតកូនច្បងចូលក្រោមរថយន្តកិនបណ្តាលឱ្យស្លាប់ ហេីយរថយន្តបេីកគេចបាត់ ភ្លាមនោះរូបគាត់មិនអស់ចិត្តក៏យកកូនទៅមន្ទីរពេទ្យ តែក្រុមគ្រូពេទ្យបញ្ជាក់ថាកូនបានស្លាប់បាត់ទៅហេីយក៏ដឹកត្រឡប់មកផ្ទះវិញរៀបចំធ្វេីបុណ្យតាមប្រពៃណីនិងសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជួយឆែកកាមេរ៉ាដេីម្បីស្រាវជ្រាវតាមចាប់រថយន្តបង្កមកដោះស្រាយតាមច្បាប់៕