2023-12-21 08:12
368

ពេញ៖ នាយករងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ ត្រូវបានដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ ព្រោះមានពាកព័ន្ធនឹងបទល្មើសគ្រឿងញៀន។ 

យោងតាមប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេច ត្រូវបានអនុវត្តវិន័យ ចំពោះ លោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរង ការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព «ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ»។ 

ក្នុងប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ ចំពោះមូលហេតុឈានដល់ការដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនេះ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ 

សូមបញ្ជាក់ថា ចំពោះមន្រ្តីនគរបាលជាតិ ឈ្មោះ សួន តុសិត្យពិទូរ្យ មានតួនាទី ជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់ត្រូវបានចាប់ខ្លួន នៅខេត្តកំពត កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រួមជាមួយបក្ខពួកប្រុស-ស្រី ចំនូន ០៩នាក់ទៀត ពាក់ព័ន្ធប្រើហិង្សាលើកម្មករអ្នកឲចាក់សាំង និងពាក់ព័ន្ធករណីគ្រឿងញៀនដោយខុសច្បាប់ផងដែរ។ 

សូម​រំលឹកបន្ថែមទៀតថា​ មន្ត្រីនគរបាលឈ្មោះ​ សួន​ តុសិតពិទូរ្យ​ កាល​ពី​ឆ្នាំ​២០១៩​ កន្លងទៅ​ ធ្លាប់​ប្រព្រឹត្តអំពើប្រេីហិង្សា​ និង​ រក្សាទុក​ សារធាតុ​ញៀន​ដោយខុសច្បាប់​។ 

ឯកឧត្ដម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានសម្រេច​ ដាក់​វិន័យ​លេី​លោកវរសេនីយ៍​ត្រី​ សួន​ តុសិតពិទូរ្យ​ នាយរងការិយាល័យ​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ តាមរូបភាព​ ដកហូត​មុខតំណែង​ ឋានន្តរសក្ដិ​ និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​។ 

សូមបញ្ជាក់ថា នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមកុំប៉ះពាក់បញ្ហាគ្រឿងញៀនឲ្យសោះ ក្នុងករណីរកឃើញមានការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌភ្លាមៗដោយគ្មានយោបយល់ឡើយ»៕