2023-12-19 11:12
128

ខេត្តក្រចេះ ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញណែនាំដល់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ និងអ្នក់ពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យផ្តោតសំខាន់ទៅលើ៣ដំណាក់កាលនៃការជួយសង្រ្គោះ គឺ៖-ដំណាក់កាលមុនពេលកើតឡើង -ដំណាក់កាលពេលកើតឡើង និងដំណាក់កាលក្រោយពេលកើតឡើង ថាយើងត្រូវអនុវត្តតាមសេណារីយ៉ូ ដោយប្រើព័ត៌មានដែលរៀបចំរួចជាស្រេច និងការធ្វើទាក់ទងជាមួយសហការីដើម្បីធានាថា ការត្រៀមបម្រុងជាក់ស្តែងរបស់ពួកគេ ពិតជាអាចយកទៅប្រើប្រាស់បានដោយរបៀបណា? (យ៉ាងដូចម្តេច?) នៅពេលកើតមានគ្រោះមហន្តរាយ ។ ហើយចាត់ទុកថាការលំហាត់សាកល្បងនាពេលនេះ គឺជាសកម្មភាពពិត និងឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតដែលកំពុងកើតមានឡើងនៃគ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន ហើយក៏ជាសកម្មភាពពិតជាក់ស្តែងក្នុងការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមិត្ថកិច្ច ក្នុងការអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ .។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីរៀបចំហាត់សមសាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា ដែលធ្វើឡើងនាថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២៣ នៅខេត្តក្រចេះ ដោយមានការចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ -តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ,ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៨ រួមមាន ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធ សរុបប្រមាណ ១៥០ នាក់ ។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមថា៖ ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹង ខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដនឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ ។ ឯកឧត្តម ក៏បានសំដែងនូវអំណរគុណ ចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ច យ៉ាងសកម្មមមាញឹកជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះ នាឆ្នាំកន្លងមក ៕ណូរិទ្ធ (ក្រចេះ)