2023-12-17 11:12
223

បាត់ដំបង៖ សោកនាដកម្មដ៏រន្ធត់បំផុត មានសិស្សសាលា ចំនួន ០៦នាក់ បានលង់ទឹកក្បែរតំបន់ពហុបំណង «សេកសក» ក្នុងដងស្ទឹងសង្កែ បណ្តាលឲ្យស្លាប់ ចំនូន ០៤នាក់ និង ០២នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈពួកគេបាននាំគ្នាចុះងូតទឹកលេង។

 ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅវេលាម៉ោង ១១ថ្ងៃត្រង់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 មុនពេលកើតហេតុ ក្រុមក្មេងៗសិស្សសាលានៃវិទ្យាល័យ ហ៊ុនសែន ត្រែង ចំនួន ០៦នាក់ ក្នុងនោះ ប្រុស ០១នាក់ ក្រោយពេលចេញពីសាលាបាននាំគ្នាមកលេងទឹកស្ទឹងសង្កែ ចំណុចក្រោយតំបន់ពហុបំណង «សេកសក» ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាឲ្យលង់ទឹកទាំង ០៦នាក់ ភ្លាមៗនោះ ប្រជាពលេដ្ឋបានឃើញ និងចុះជួយសង្គ្រោះអាយុជីវិតបាន ចំនូន ០២នាក់ ស្លាប់ ០៣នាក់ និងលិចបាត់ខ្លួនក្នុងទឹកស្ទឹងសង្កែម្នាក់ទៀត។

 ក្រុមសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ត្រែង ដែលលង់ទឹកទាំង ០៦នាក់ រួមមាន៖ ទី១- ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស ជួយសង្គ្រោះផុតពីគ្រោះថ្នាក់។ ទី២- ឈ្មោះ រ៉ា ចាន់រី ភេទស្រី អាយុ ១៣ឆ្នាំ គេចផុតពីគ្រោះថ្នាក់ រសនៅភូមិ-ឃុំជាមួយគ្នា។ ទី៣- ឈ្មោះ សេង អុីនជឺលី ភេទស្រី អាយុ ១២ឆ្នាំ (ស្លាប់)។ ទី៤- ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ ១៤ឆ្នាំ(ស្លាប់)។ ទី៥- ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់) និងទី៦- ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ ១៤ឆ្នាំ(ស្លាប់) ពួកគេរស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 បច្ចុប្បសពសិស្សរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នកគេចផុតពីគ្រោះថ្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕