2024-02-20 12:02
71

មណ្ឌលគិរី៖ ប្រហែលជាមិនរួចខ្លួននោះទេ ករណីលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូរាំង និងជាប្រធានលេខាធិការដ្ឋានបង្ត្រាបបទល្មើស ប្រើប្រាស់អាវុធភ្ជង់មេបញ្ជាការផ្នែកសឹករងស្រុក និងលោកអធិការនគរបាលអូរាំងនោះ ពេលនេះរដ្ឋបាលស្រុកអូរាំងកំពុងធ្វើរបាយដាក់លោកអភិបាលខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ សម្រេច និងដាក់ពិន័យតាមផ្លូវច្បាប់  សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលស្រុកអូរាំង ចុះនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ ពាក់ព័ន្ធករណីអភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង តាមផ្លូវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី រដ្ឋបាលស្រុកកំពុងរៀបចំសំណើរ ដើម្បីជម្រាបជូនលោកអភិបាលខេត្ត ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គលដែលមានកំហុសឆ្គងខាងលើ។  ចំពោះអាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ 

សូមរំលឹកថា លោម សុខ សុវណ្ណារិទ្ធអភិបាលរងស្រុកអូររាំង បានផឹកស្រវឹងចេញពីកម្មវិធីជួបជុំមួយកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ បានបើកប្រដេញស្ទាក់រថយន្តមេយោធាស្រុកអូរាំង ដែលគ្នាឯង ហើយបានដកកាំភ្លើងភ្ជង់គំរាមប្រុងបាញ់មេបញ្ជាការយោធាស្រុក ភ្លាមៗនោះអធិការនគរបាលស្រុកបានចុះទៅអន្តរាគមន៍ដើម្បីសម្របសម្រួលគ្នា ត្រូវលោកចៅហ្វាយស្រុករងរ៉េចុងកាណុងតម្រង់ទៅលើអធិការនគរបាលថែមទៀត លុះក្រោយមកទើបសុខចិត្តប្រគល់អាវុធឲ្យទៅសមត្ថកិច្ច និងសម្របសម្រួលតាមសន្តិវិធី។ 

ជនរងគ្រោះដែលការភ្ជង់គំរាមកំហែងពីសំណាក់លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូរាំងនោះ មានឈ្មោះ ខាត់ សាក់មេបញ្ជាការផ្នែកសឹករងស្រុកអូររាំង។ មុនពេលកើតហេតុ លោក សុខ សុវណ្ណារិទ្ធ បានបើកឡានដេញខ្លួនពីក្រោយ និងបញ្ជាឲ្យឈប់ព្រមទាំងដកកាំភ្លើងខ្លីភ្ជង់ និងប្រើពាក្យប្រមាថជាច្រើន។ 

ក្រោយហេតុការណ៍នេះកើតឡើងអភិបាលស្រុកអូររាំងបានបញ្ជាឲ្យលោកអធិការស្រុកអូររាំង ចុះទៅអន្តរាគមន៍សម្របសម្រួល ប៉ុន្តែត្រូវលោកសុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់លោកអធិការថែមទៀតផង។ 

សូមបញ្ជាក់ថា លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូរាំង បានប្រាប់កាសែតក្នុងស្រុក កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីនេះជាការយល់ច្រឡំគ្នាតាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯង ដោយខាងលោកមានកាំភ្លើង ហើយម្ខាងទៀតក៏មានកាំភ្លើង ដូច្នេះខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ៕