2024-02-01 03:02
59

ព្រះសីហនុ៖ ក្រុមប្រឹក្សាអង្គជំនុំជម្រះនៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនសង្ស័យ ចំនួន ០៧នាក់ ជាឧក្រិដ្ឋរកស៊ីគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដាក់ពន្ធធនាគារម្នាក់ៗរយៈពេល ២០ឆ្នាំ និងពិន័យជាប្រាប់ ៤០លានរៀល ពាក់ព័ន្ធនឹងបទល្មើស «រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» និង «សម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម»។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសប្រព័ត៌មានថា៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨១៦ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន (ទម្ងន់ ៨៧១គីឡូ២០០ក្រាម ប្រភេទ កេតាមីន) និងបទល្មើស សម្អាតប្រាក់ ទៅតាមនីតិវិធីច្បាប់ និងបានកំណត់ពេលប្រកាសសាលក្រមនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តព្រះសីហនុ បានប្រកាសសាលក្រមលេខ ២៧/០២ ក្រ១ “ក” ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោស រួមមាន៖ ទី១- ឈ្មោះ កូណា (PHOU NA) Ỉ XIAO FU ឬ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ ទី២- ឈ្មោះ តុង ពូជីន (DONG BU JUN) I DONG XIAO CHUN ហៅ JUN GE ឬហៅ LAO DONG ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន។ ទី៣- ឈ្មោះ យ៉ាង ស៊ីថុន (YAN XI TONG) ហៅ ឡាវ យៀន (LAO YAN) ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន។ ទី៤- ឈ្មោះ តុង ជាំងស៊ីន (DONG JIAN XIN) ហៅ AH SHU ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិចិន។ ទី៥- ឈ្មោះ កូវ ជីពឹង (GAO ZHI BIN) ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន។ ទី៦- ឈ្មោះ លី យ៉ុងស៊ីន (LI YONG XIN) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន និង ទី៧- ឈ្មោះ ចុង ជៀនលីន (ZHONG JIAN LIN) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិនដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន ៤០លានរៀលពីបទ «រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» និង បទ «សម្អាតប្រាក់» ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម។

ក្នុងសាលក្រមរបស់តុលាការបានសម្រេចរឹបអូសវត្ថុចាប់យក រួមមាន៖ កប៉ាល់ ០១គ្រឿង, អូប័រ ចំនួន ០៥គ្រឿង, ទូកឈើ ០១គ្រឿង, រថយន្ត ០១គ្រឿង, ម៉ូតូ ចំនួន ០៣គ្រឿង, ប្រាក់ដុល្លា ៩៥,៦៤៤.៨៦USD (ប្រាំបួនម៉ឺនប្រាំពាន់ប្រាំមួយរយសែសិបបួន ក្បៀសប៉ែតសិបប្រាំមួយ ដុល្លារសហរដ្ឋអាមេរិក) និងគ្រឿងញៀនទាំងអស់ សម្រេចរឹបអូសបំផ្លាញចោល។ 

ចំពោះជនជាប់ចោទជាជនជាតិចិនទាំង០៧នាក់ខាងលើ នឹងត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអនុវត្តទោសចប់៕