2024-01-27 01:01
59

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត និងសហការី រួមជាមួយក្រុមការងារអនុសាខាស្រុក ព្រមទាំងក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហ ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្តល់ជូនស្ត្រីត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូន ដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅស្រុកពាមរក៍ ក្នុងឃុំចំនួន ៣ និងស្រុកស៊ីធរកណ្តាល ក្នុងចំនួន ២។ 

 នាឱកាសនោះ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្រ្តីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត និងសូមខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមបំបៅកូនដោយទឹកដោះ ពិសេសត្រូវបរិភោគអាហារដែលមានជីវជាតិ ឱ្យបានច្រើន។

 នាឱកាសនោះ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីគោលការណ៍គ្រឹះកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍ផ្លូវគោក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន និងវិធានការការពារពីជំងឺគ្រុនឈាម-គ្រុនឈីក សរុបអ្នកចូលរួមចំនួន ៧៤នាក់ ស្រី ៥០នាក់។ 

 សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារ ទទួលបាន៖ មុងសុវត្ថិភាព ១ ឃីតទារក ១កញ្ចប់(សំលៀកបំពាក់ ៤ឈុត ស្រោមដៃ និងស្រោមជើង និងមួក ២ឈុត) ពូក ១ សាប៊ូ ១ដប ម្សៅ ១កំប៉ុង ទឹកត្រចៀកកាំ ២យួរ និងថវិកាចំនួន ១០០,០០០រៀល។ 

 -អនុសាខាស្រុកពាមរក៍ ក៍បានផ្តល់ជូនសារុង ១ ក្នុង ១គ្រួសារ។

 -អនុសាខាស្រុកស៊ីធរកណ្តាល បានចូលរួមឧបត្ថម្ភថវិកាបន្ថែមដល់ស្រី្តត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូន ចំនួន ៥គ្រួសារ ក្នុង ១គ្រួសារ ថវិកា ៥០,០០០ រៀល (សរុប ២៥០,០០០ រៀល) និងសារ៉ុង ១ (សរុប ៥) និង ឧបត្ថម្ភ ទីបឹក្សាយុវជន និងយុវជនកក្រក ៥នាក់ ក្នុង ១នាក់ ថវិកាចំនួន ១០,០០០ រៀល និងអ្នកស្ម័គ្រចិត្តភូមិ ចំនួន ៨នាក់ ក្នុង ១នាក់ ថវិកាចំនួន ៥,០០០រៀល។

 -ក្រុមកាកបាទក្រហមឃុំរំលេច ចូលរួមជាថវិកាដល់ស្រ្តីសម្រាលកូន ៣គ្រួសារ ក្នុង ១គ្រួសារ ថវិកាចំនួន ៤០,០០០ រៀល (សរុប ១២០,០០០ រៀល)។

 -ក្រុមកាកបាទក្រហមឃុំព្រៃទឹង ចូលរួមជាថវិកាដល់ស្រ្តីត្រៀមសម្រាល និងស្ត្រីសម្រាលកូន ២គ្រួសារ ក្នុង ១គ្រួសារ ថវិកាចំនួន ៤០,០០០ រៀល (សរុប ៨០,០០០ រៀល)។