2023-03-22 03:03
373

 

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋអ្នកភូមិ បាននាំគ្នាបូមទឹកចាប់ត្រីក្នុងប្រឡាយ ក្នុងភូមិពោធិឥន្ទទី២ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្ស បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

យោងតាមការឱ្យពីប្រជាពលរដ្ឋ បានអះអាងថា ខណៈអ្នកភូមិនាំគ្នាបូបបាចទឹកចាប់ត្រីក្នុងប្រឡាយរហូតដល់រីងទឹក ក៏នាំគ្នាចុះចាប់ត្រី ស្រាប់តែប៉ះចំគ្រោងឆ្អឹងសាកសពមនុស្ស មិនដឹងស្លាប់ពីពេលណាមក ដែលកប់ភក់បាតប្រឡាយ ក៏មានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅស្រង់ពិនិត្យជាក់ស្តែង។

សមត្ថកិច្ចជំនាញ បានធ្វើការស្រង់គ្រោងឆ្អឹងនោះឡើងគោក ធ្វើការពិនិត្យលលាដ៍ក្បាល គ្រោងដងខ្លួន អវយវៈ និងបានធ្វើការពិនិត្យកោសល្យវិច័យឃើញថា ជាគ្រោងឆ្អឹងមនុស្សប្រុស ឆ្អឹងជើងឆ្វេងធ្លាប់មានរបួស ដោយបានសន្និដ្ឋានថា រយៈពេលនៃការស្លាប់ប្រមាណ ៥ខែមកហើយ។

ក្រោយពិនិត្យរួចគ្រោងឆ្អឹង សមត្ថកិច្ច និងអាជ្ញាធរ បានធ្វើការវិចខ្ចប់គ្រោងឆ្អឹងយកទៅកប់ រង់ចាំបន្តស្រាវស្រាវ។ ទន្ទឹមនេះ ក៏បានអំនាវនាវដល់សាធារណៈជន ប្រសិនបើមានបាត់សមាជិកគ្រួសារ ឬសង្ស័យ អាចទំនាក់ទំនងនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទទួលបានព័ត៌មាន និងពិនិត្យជាក់ស្តែង៕