2024-03-02 09:03
56

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបម៉ាក Range Rover ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០១ខែមីនា ឆ្នាំ២០២៤ លើផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ 2.8247 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុនៅនិងស្តុបច្រកចូលផ្សារទួលគោក ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មខូចខាតតិចតួច ចំណែករថយន្តបង្កវិញបានបាក់កាឡេកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួចខូចខាតយ៉ាងដំណំ។ រីឯម្ចាស់រថយន្តបង្កបានដោះស្លាកលេខចេញពីរថយន្តហើយគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ នគបាលបឹងកក់ទី២បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕