2024-01-18 02:01
81

(កោះកុង)៖ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវចាកចេញ និងកុំប៉ះពាល់គ្រឿងញៀន។ បើការស្រាវជ្រាវរកឃើញបុគ្គលណាម្នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវដកចេញពីក្របខ័ណ្ឌកងរាជអាវុធហត្ថ ហើយត្រូវប្រឈមផ្លូវច្បាប់ទៀតផង។

ការថ្លែងបែបនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសមុខតំណែងផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិ ដល់នាយទាហាន ពលទាហានចំនួន៣២នាក់ នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកោះកុង។

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានថ្លែងថា មេបញ្ជាការគ្រប់លំដាប់ថ្នាក់គ្រប់ជំនាន់ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង ដែលត្រូវបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តបានយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងការងារការពារសន្តិសុខសុវត្ថិភាពរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រខេត្ត បានជាបន្តបន្ទាប់។

ឆ្លើយតបនឹងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អស់លោកលោកស្រី, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានសម្រេចស្នើដំឡើងឋានន្តរ ស័ក្កិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងជាបន្តបន្ទាប់នៅឆ្នាំ២០២៣។ កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានទទួលការតែងតាំង ផ្លាស់ប្ដូរមុខតំណែង ផ្ទេរភារកិច្ច និងដំឡើងឋានន្តរស័ក្កិចំនួន៥លើក ហើយអង្គភាពក៏បានប្រកាស និងបំពាក់ឋានន្តរស័ក្តិរួចរាល់ផងដែរ។

លោកមេបញ្ជាការ បានបន្ថែមថា កងរាជអាវុធហត្ថខេត្តកោះកុងទាំងអស់ ត្រូវតែចូលរួមអនុវត្តនៅទិសស្លោករបស់នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសថា «ចំពោះតែប្រទេស ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ»។

នាយឧត្តមសេនីយ៍មេបញ្ជាការ បានបន្ថែមនូវអនុសាសន៍ថ្មីៗចំនួន៣ទៀត គឺកសាង ហ្វឹកហ្វឺន និងប្រតិបត្តិការ។ ទន្ទឹមនឹងនេះក៏ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧។

លោកមេបញ្ជាការបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចតួនាទី ដើម្បីការពារប្រទេសជាតិ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ រួមគ្នាសាមគ្គីគ្នារក្សាភាពរឹងមាំផ្ទៃក្នុង របស់កងរាជអាវុធហត្ថរបស់យើង។ មន្ត្រីអាវុធហត្ថទាំងអស់ទៅរូបរួមគ្នាសាមគ្គីគ្នា សហការជាមួយប្រជាពលរដ្ឋដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងរួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសនានា៕