2024-01-12 01:01
86

បាត់ដំបង៖ ជនសង្ស័យម្នាក់ បានប្រើប្រាស់អាវុធខ្លីយ៉ាងចម្លែកមានរាងដូចទូរសព្ទ IPhone បញ្ចូលគ្រាប់ធ្វើសកម្មភាពគំរាមលើជនរងគ្រោះ ព្រោះខឹងរឿងជនរងគ្រោះផឹកស៊ី និងចាក់ធុងបាស់បំពងសម្លេងខ្លាំងៗនាំឲ្យមានការរំខានការដេកពួន។

បន្ទាប់ពីបុរសរូបនេះ ប្រើប្រាស់អាវុធគំរាមអ្នកដទៃ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនដកហូតវត្ថុតាង និងសាកសួរកសាងសំណុំអនុវត្តតាមផ្លូវច្បាប់។

នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជូនជនសង័្សយម្នាក់ឈ្មោះ សា ម្លិះ ភេទប្រុស អាយុ ៤៣ឆ្នាំ  មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធករណីគំរាមដោយអាវុធ និងកាន់កាប់ប្រើប្រាស់អាវុធគ្រាប់រំសេវដោយខុសច្បាប់។

នគរបាលបន្តទៀតថា ជនរងគ្រោះឈ្មោះ បេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ  មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងថា មានករណីគំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ កើតឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង០០នាទី នៅចំណុច ក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយជនសង័្សយឈ្មោះ សា ម្លិះ បានប្រើប្រាស់អាវុធគម្រាមដល់ជីវិតរបស់គាត់ ខណៈពេលកំពុងផឹកស៊ី និងចាក់ធុងបាស់ច្រៀងរាំសប្បាយ។ 
ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានចុះប្រតិបត្តិការដោយធ្វើឡើងតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរតែម្តង។

បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗរំខានការដេកពួនរបស់គាត់។ 

ចំពោះសម្ភារៈដកហូតបាន សមត្ថកិច្ចបានឲ្យដឹងថា កាំភ្លើងខ្លីមិនស្គាល់ម៉ាក រាងជាទូរសព្ទ IPhone លេខ IC380 ចំនួន ០១ ដើម, គ្រាប់កាំភ្លើង ចំនួន ០៦គ្រាប់, ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន ០១, ម៉ូតូ ម៉ាក់ Yamaha Sirius ពណ៌ខ្មៅ ចំនួន០១គ្រឿង។

សមត្ថកិច្ចជំនាញបានញ្ជាក់ថា អាវុធប្រភេទ IC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរសព្ទដៃ សេរីទំនើប IPhone នៅពេលកាន់ប្រើប្រាស់មិនងាយដឹងថាជាអាវុធនោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើបដឹងថាវាជាអាវុធអាចបាញ់ប្រហារបានប្រកបដោយគ្រោះថ្នាក់បំផុត។ 

បច្ចុប្បន្ន ជនសង័្សយ និងវត្ថុតាងសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់៕