2024-04-10 11:04
28

ភ្នំពេញ៖ ដើម្បីជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រឡាប់រថយន្តដឹកសារធាតុគីមី ធ្លាយចូលស្ទឹងណាមខាន់ ដែលជាដៃនៃទន្លេមេគង្គនៅប្រទេសឡាវ កាលពីពេលថ្មីៗកន្លងទៅ ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ ត្រង់ចំណុច ទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១ ៣៧០ គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងបរិស្ថាន បានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង

ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាង ប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គជាបន្តទៀត៕