2024-03-10 06:03
58

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកជួយពង្រឹងសេវាមណ្ឌលសុខភាពខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានជុំវិញមណ្ឌលសុខភាព ព្រមទាំងពិនិត្យលទ្ធភាពគ្រប់គ្រងក្នុងការផ្ដល់សេវា ដើម្បីធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។  
   នៅក្នុងឪកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់គណៈអភិបាលខេត្ត ប្រធានមន្ទីរសុខាភិបាល អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ បន្តជួយជម្រុញការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា បន្តគាំទ្រលើកទឹកចិត្តដល់មន្ត្រីជួរមុខដែលកំពុងបម្រើការងារដែលនៅឆ្ងាយជនបទដាច់ស្រយាល ប្រកបដោយភាពកក់ក្ដៅស្របតាមគោលនយោបាយអាទិភាពលើវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដែលផ្តោតលើការថែទាំសុខភាពបឋម សំដៅការពារ និងលើកកម្ពស់សុខភាព បង្ការ និងគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពពាក់ព័ន្ធសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
   សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះមានការចូលរួមអមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ  និងអភិបាលរងស្រុកមេឃុំ មេភូមិផងដែរ ក្នុងនោះបានចុះពិនិត្យនៅមណ្ឌលសុខភាពចំនួន០៦ រួមមានទី១. មណ្ឌលសុខភាព ពាមប្រធ្នោះ ទី២. មណ្ឌលសុខភាព ល្វេ ទី៣. មណ្ឌលសុខភាព ពង្រមហាលាភទី៤. មណ្ឌលសុខភាព កំពង់រាបទី៥. មណ្ឌលសុខភាព មហាខ្ញូង និងទី៦. មណ្ឌលសុខភាព ព្រែកតានង់  ។