2023-10-08 03:10
196

ពិធីរាប់បាត្រនេះប្រព្រឹត្តនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងវេនទី៨នេះ ។ ហើយដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយឹតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយអោយពរសព្វសាធុការដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង ។
សូមរំលឹកថាពិធីបុណ្យភ្ជុំបិណ្ឌ និង កាន់បិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក  តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ ប្រេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។
ក្នុងឱកាសនោះឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ មន្រ្តីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន  គ្រឿងឧបភោគបរិភោគនិងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តមួយចំនួនផងដែរ៕