2024-03-20 01:03
75

ពោធិ៍សាត់៖ កម្មករ-កម្មការិនី រោងចក្រកាត់ដេរមួយកន្លែងបានពុលផ្អកកំពិសយ៉ាងធ្ងន់ធ្ងរ ត្រូវបានថៅកែរោងចក្រ និងអាជ្ញាធរអាជ្ញាធរដឹកតាមរថយន្តសង្គ្រោះទៅកាន់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់ភ្លាមៗ។ 

 ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤១នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ ក្នុងរោងចក្រកាត់ដេរ លានហ្វា ហេងយូ ខេមបូឌា ហ្គារម៉ិន ស្ថិតក្នុងភូមិ-ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

 លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា: តាមការស្រាវជ្រាវជំហានដំបូង មានស្ត្រីម្នាក់ឈ្មោះ ប៊ិន វណ្ណា អាយុ ៥១ឆ្នាំ រស់នៅភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានទិញផ្អកកំពិស ចំនួន ១គីឡូក្រាម នៅផ្សារត្រពាំងជង យកមកបំបែកច្រកថង់តូចៗមកលក់នៅខាងក្រៅមុខក្រុមហ៊ុនកាត់ដេរ លានហ្វា ហេងយូ ខេមបូឌា ហ្គារម៉ិន ពេលនោះដល់ម៉ោងបាយថ្ងៃត្រង់កម្មករសម្រាកបាយ បានទិញផ្អកកំពិសនៅមុខរោងចក្រយកទៅបរិភោគជាមួយបាយនៅក្នុងរោងចក្រកាត់ដេរវិញ។ 

 លោកបន្តថា ក្រោយបាយថ្ងៃត្រង់រួចបាននាំគ្នាចូលទៅធ្វើការធម្មតា រហូតដល់ម៉ោង ០៣និង៤១នាទីតសៀល មនុស្សស្រី-ប្រុសចំនួន ២១នាក់ ដែលបរិភោគផ្អកកំពិសនោះ នាំគ្នាចាប់ផ្ដើមពុលចំណីអាហារ ដោយមានអាការៈ ងងឹតវិលមុខ ធីងធោង ក្អួតចង្អោ តែម្ដង។ 

 លោកអធិការបានបន្តថា: ក្រោយមានសភាពបែបនេះ ខាងដំណាងមើលការខុសត្រូវរោងចក្រនិងអាជ្ញាធរ ក៍បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាកានមួយចំនួន និងមួយចំនួនទៀតដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីសង្គ្រោះជាបន្ទាន់។

 លោក នាង វុធ បានបញ្ជាក់ឲ្យ MSJ ដឹងនៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ នេះថា ចំពោះជនរងគ្រោះដែលពុលចំណីអាហារ (ផ្កកកំពិស) ទាំង ២១នាក់ កាលពីម្សិលមិញ បានធូរស្រាលអស់ហើយ តែគ្រូពេទ្យនៅមិនទាន់អនុញ្ញាតឲ្យចេញទៅផ្ទះនៅឡើយទេ ដោយរង់ចាំតាមដានជំងឺនេះរហូតជាសះស្បើយទើបអាចឲ្យទៅបាន៕ លាន គ្រន