2023-12-10 02:12
148

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរងរបួសធ្ងន់ ត្រង់ប្រអប់ជើង ខណៈពេលចុះបង្ក្រាបមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្មប្រដាប់ដោយអាវុធឈានដល់ការផ្ទុះអាវុធតដៃគ្នាជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 
   ហេតុការណ៍ផ្ទុះអាវុធតដៃគ្នាមួយប្រាវរវាងក្រុមចោរប្លន់ប្រដាប់អាវុធជាមួយនឹងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុច សួនច្បារវត្តបទុមវតី ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
   យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដល់ចំណុចកើតហេតុប្រទះឃើញជនសង្ស័យ ចំនួន ០២នាក់ បានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះ នៅម្តុំសួនវត្តបទុមវតី។ 
   សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ភ្លាមៗនោះលោកឧត្ដមសេនីយ៍ ប៊ុត វណ្ណារដ្ឋ បានស្ទុះបើកកៀកម៉ូតូជនសង្ស័យស្រាប់តែក្រុមចោរដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់បណ្តាលឲ្យគ្រាប់កាំភ្លើងត្រូវចំប្រអប់ជើងខាងឆ្វេងធ្លាយពីម្ខាងទៅម្ខាងបណ្ដាលឱ្យរងរបួសតែម្ដង។ 
   ដោយប្រាស់ប្រាស់សិទ្ធការពារខ្លួនសមត្ថកិច្ចបានផ្ទុះអាវុធតបតជាមួយក្រុមចោរ ពួកវាបើករត់គេចខ្លួនមកដល់ លើសួនច្បារវត្តបទុមវតី ត្រូវសមត្ថកិច្ចធ្វើការព័ន្ធឃាត់ខ្លួនបានទាំង ០២នាក់ និងនាំខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ 
   ប្រភពបានបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់តដៃគ្នារវាងក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌបណ្តាលឲ្យលោក    ឧត្តមសេនីយ៍ ប៊ុត វណ្ណារ៉ារដ្ឋ រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ 
   អត្តសញ្ញាណក្រុមជនសង្ស័យទាំង ០២នាក់ សមត្ថកិច្ចនៅមិនទាន់បង្ហាញអំពីឱ្យដឹងអត្តសញ្ញាណនៅឡើយទេ។ រីឯវត្ថុតាងដកហូតបាន រួមមាន កាំភ្លើងខ្លី ០១ដើម មិនស្គាល់ម៉ាក, ឧបករណ៍កាច់សោកម៉ូតូ, ម៉ូតូធ្វើសកម្មភាព ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម1X-4127 និងម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JX-9143 ជាម៉ូតូរបស់ជនរងគ្រោះ៕